ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា យ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីន ៦០នាក់ ត្រូវបានសម្លាប់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល និងការបាញ់ផ្លោង ទៅលើតំបន់ហ្កាហ្សាស្ទ្រីប។

យោងតាមក្រសួងសុខាភិបាល ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ សាកសពជនជាតិប៉ាឡេស្ទីន ៦០ នាក់ ដែលត្រូវបានសម្លាប់ នៅក្នុងការវាយឆ្មក់តាមអាកាស ឬការបាញ់ផ្លោងដោយកងទ័ពអ៊ីស្រាអែល នៅក្នុងតំបន់ផ្សេងៗនៃទឹកដីនេះ ត្រូវបានបញ្ជូនទៅកន្លែងបញ្ចុះសព នៅតំបន់ហ្កាហ្សាស្ទ្រីប»។ ទីភ្នាក់ងារនេះ បានបន្ថែមថា យ៉ាងហោចណាស់ជនជាតិអារ៉ាប់ចំនួន ១៤០នាក់ បានរងរបួស។

យោងតាមទីភ្នាក់ងារនេះ ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធារបស់អ៊ីស្រាអែលមក ប្រជាជនប៉ាឡេស្ទីនចំនួន ៣៧,៧១៨ នាក់ ត្រូវបានសម្លាប់ និង ៨៦,៣៧៧ នាក់ បានរងរបួស។
ភាពតានតឹង បានផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ា នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ នៅពេលដែលក្រុម សកម្មប្រយុទ្ធមកពីក្រុមបដិវត្តន៍ប៉ាឡេស្ទីនហាម៉ាសដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សា បានចាប់ ផ្តើមការលុកលុយដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ចូលទៅក្នុងទឹកដីអ៊ីស្រាអែល ពីតំបន់ហ្កាហ្សាស្ទ្រីប។ ក្រុមហាម៉ាសបានពណ៌នាអំពីការវាយប្រហាររបស់ខ្លួនថា ជាការឆ្លើយតបទៅនឹងសកម្មភាពឈ្លានពានរបស់អាជ្ញាធរអ៊ីស្រាអែលប្រឆាំងនឹងវិហារឥស្លាម Al-Aqsa នៅលើប្រាសាទភ្នំ (Temple Mount) ក្នុងទីក្រុងចាស់របស់រដ្ឋធានីហ្ស៊េរុយសាឡឹម។