ប្រទេសចិន បានផ្តល់មូលនិធិជាង ២,៣ ពាន់លានយ័ន (៣១៦,៤ លានដុល្លារ) ដើម្បីជួយដល់កិច្ចប្រឹងប្រែងជួយសង្គ្រោះ ការផ្គត់ផ្គង់សង្គ្រោះបន្ទាន់ និងការរៀបចំផែនការ នៅពេលដែលទឹកជំនន់ដ៏មហន្តរាយ និងបំណាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងជិតពីរសប្តាហ៍ បានបំផ្លាញផ្នែកជាច្រើននៃប្រទេស។

យោងតាមការគណនារបស់សារព័ត៌មានរ៉យទ័រ បានឱ្យដឹងថា នាយកដ្ឋានរដ្ឋាភិបាលនានាបានបែងចែកប្រាក់ចំនួន ២,៣៤៤ ពាន់លានយ័ន ទៅកាន់ទីក្រុង និងខេត្តនានាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដើម្បីជួយដល់ប្រតិបត្តិការទាំងនោះ។

កាលពីសប្តាហ៍មុន លោកប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) បានជំរុញឱ្យអាជ្ញាធរដាក់កិច្ចខិតខំប្រឹងប្រែងទាំងអស់ដើម្បីការពារអាយុជីវិត ខណៈដែលទឹកជំនន់ និងគ្រោះមហន្តរាយធម្មជាតិបានកើនឡើង។ មនុស្សរាប់សិបនាក់បានស្លាប់ដោយសារទឹកជំនន់ ឬបំណាក់ដីដែលបណ្ដាលមកពីភ្លៀងក្នុងរដូវទឹកជំនន់ប្រចាំឆ្នាំ ដោយភាគខាងត្បូងប្រទេសចិន បានទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងជាពិសេសនៅឆ្នាំនេះ។
ភ្លៀងធ្លាក់ឥតឈប់ឈរ បានបង្ខំឱ្យអាជ្ញាធរទូទាំងក្រុង បង្កើនផែនការសង្គ្រោះបន្ទាន់ ខណៈទន្លេដែលជន់លិច បានគំរាមកំហែងដល់អាយុជីវិតមនុស្សរាប់លាននាក់។ សារព័ត៌មានស៊ីនហួ បានរាយការណ៍ថា កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីនៅក្នុងខេត្ត ជាំងស៊ី (Jiangxi) បានព្រមានថា កម្រិតទឹកនៃទន្លេ និងបឹងមួយចំនួននៅភាគខាងជើងខេត្តនេះ បានកើនឡើងយ៉ាងឆាប់រហ័ស ដោយសារតែភ្លៀងធ្លាក់ខ្លាំង និងអាចជន់លិច ខណៈដីសើមនៅតំបន់ភ្នំមានកម្រិតឆ្អែតទឹក (ជោគទៅដោយទឹក) ដែលអាចបណ្តាលឱ្យមានបំណាក់ដី៕