ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំទីក្រុងវ៉ាស៊ីនតោន បាននិយាយកាលពីថ្ងៃពុធ (២៦ មិថុនា) ថា ប្រទេសហ្វីលីពីន មិនបានស្នើសុំឱ្យសហរដ្ឋអាមេរិក គាំទ្រក្នុងបេសកកម្មផ្គត់ផ្គង់កងទ័ពរបស់ខ្លួនឡើងវិញ ក្នុងការប្រឈមមុខជាមួយចិន នៅសមុទ្រចិនខាងត្បូងដែលមានជម្លោះនោះទេ ដោយបន្ថែមថា សហរដ្ឋអាមេរិកកំពុងផ្តល់តែ «ទស្សនៈយល់ឃើញ» របស់ខ្លួនប៉ុណ្ណោះ ដើម្បីជួយដល់ហ្វីលីពីន។

ទីក្រុងម៉ានីល បានត្អូញត្អែរថាឆ្មាំល្បាតឆ្នេរចិន បានប្រើ «កម្លាំងដ៏កម្រោល និងខុសច្បាប់» កាលពីសប្តាហ៍មុនដើម្បីរំខានដល់បេសកកម្មផ្គត់ផ្គង់ឡើងវិញសម្រាប់កងទ័ពហ្វីលីពីន ក្នុងដែនទឹក សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) ខណៈចិន មានជម្លោះដែនទឹកកំពុងកើនឡើងជាមួយហ្វីលីពីន ដែលមានសន្ធិសញ្ញាការពារជាតិយូរអង្វែងជាមួយសហរដ្ឋអាមេរិក។

លោកឯកអគ្គរដ្ឋទូត ហូសេ ម៉ានូអ៊ែល រ៉ូមូលដេស (Jose Manuel Romualdez) បានប្រាប់អ្នកយកព័ត៌មានថា ការអត់ធ្មត់របស់ទីក្រុងម៉ានីល កំពុងត្រូវបានសាកល្បងដោយសកម្មភាពរបស់ចិន ប៉ុន្តែខ្លួនសង្ឃឹមថានឹងមានកិច្ចពិភាក្សាដើម្បីបន្ថយភាពតានតឹងជាមួយទីក្រុងប៉េកាំង ឱ្យបានឆាប់នៅខែកក្កដា ហើយមិនចង់អំពាវនាវឱ្យប្រើប្រាស់សន្ធិសញ្ញារបស់សហរដ្ឋអាមេរិកនោះទេ។
រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក អ៊ិនរីកេ ម៉ាណាឡូ (Enrique Manalo) បានប្រាប់សវនាការព្រឹទ្ធសភានៅទីក្រុងម៉ានីល កាលពីថ្ងៃអង្គារថា ហ្វីលីពីនបានប្តេជ្ញាធ្វើការជាមួយចិន ដើម្បីបង្កើត «វិធានការកសាងទំនុកចិត្ត» ដើម្បីគ្រប់គ្រងភាពតានតឹងនៅក្នុងសមុទ្រចិនខាងត្បូង៕