ប្រធានជំនួយរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធ (២៦ មិថុនា) ថាលោកមានការព្រួយបារម្ភចំពោះការរីករាលដាលដែលអាចកើតមាននៃសង្រ្គាមហ្កាហ្សា នៅទូទាំងតំបន់ រួមទាំងទៅកាន់តំបន់កាន់កាប់ វេស បែង (West Bank) បើទោះបីជាភ្នាក់ងារជំនួយត្រូវបានរៀបចំយ៉ាងគ្រប់គ្រាន់សម្រាប់ការរំពឹងទុកនោះក៏ដោយ។

តំបន់ វេស បែង ជាទីដែលអាជ្ញាធរប៉ាឡេស្ទីនមានការទទួលស្គាល់ជាអន្តរជាតិ ដោយអនុវត្តស្វ័យគ្រប់គ្រងមានកម្រិតក្រោមការកាន់កាប់របស់អ៊ីស្រាអែលនោះ បានទទួលរងនូវភាពចលាចលដ៏អាក្រក់បំផុតរបស់ខ្លួនអស់ជាច្រើនទសវត្សរ៍មកហើយ ស្របជាមួយនឹងសង្រ្គាមនៅតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស។

លោក ម៉ាទីន ហ្គ្រីហ្វីបស៍ (Martin Griffiths) ដែលជាប្រធានការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវ ថា «យើងមានការព្រួយបារម្ភអំពីសក្តានុពលនៃសោកនាដកម្ម និងការស្លាប់បន្ថែមទៀត និងព្រឹត្តិការណ៍នៅតំបន់ វេសបែង ក៏ដូចជាការគំរាមកំហែង និងលទ្ធភាពនៃជម្លោះរាលដាលទៅលីបង់»។
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយថា ជនជាតិប៉ាឡេស្ទីនចំនួន ៥២៨ នាក់ រួមទាំងកុមារ ១៣៣ នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខអ៊ីស្រាអែល ឬអ្នកតាំងលំនៅនៅទីនោះ ចាប់តាំងពីសង្រ្គាមហ្កាហ្សា បានចាប់ផ្តើមមក ហើយមាន «ក្តីបារម្ភយ៉ាងខ្លាំងនៃការសម្លាប់មនុស្សដោយខុសច្បាប់» ក្នុងករណីខ្លះនៅតំបន់កាន់កាប់នោះ៕