កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្អាង ខេត្តកណ្ដាល នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានចាប់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅចំណុចភូមិព្រែកតាវ៉ា ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។
របាយការណ៍របស់កម្លាំងអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យទី១៖ឈ្មោះ អូន ស៊ីវឃុន អាយុ៣៧ឆ្នាំ វត្ថុតាងចាប់យក រួមមានម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ចំនួន១៩កញ្ចប់, សម្ភារប្រើប្រាស់មួយចំនួន, ទូរស័ព្ទចំនួន០១គ្រឿង និងទី២៖ឈ្មោះ ហេង សុខហៀង អាយុ២០ឆ្នាំ ដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន០១កញ្ចប់ធំ, ទូរស័ព្ទចំនួន១គ្រឿង ម៉ូតូចំនួន១គ្រឿង។
សូមជម្រាបថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញឿន បានទទួលព័ត៌មានពីប្រជាពលរដ្ឋតាមរយៈ App NoDrug ថានៅភូមិព្រែកតាវ៉ា ឃុំទឹកវិល ស្រុកស្អាង មានការជួញដូគ្រឿងញៀន។ នៅថ្ងៃដដែលនោះអាជ្ញាធរជាតិ ក៏បានបញ្ជូនព័ត៌មានខាងលើ មកលេខាធិការដ្ឋាន គ្រឿងញៀនខេត្តកណ្តាល ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវ។
ករណីនេះ កម្លាំងអាវុធហត្ថស្រុកស្អាង និងជំនាញខេត្ត បានធ្វើការស្រាវជ្រាវស្គាល់មុខសញ្ញា ក៏ចាប់ផ្តើមឃ្លាំមើលនូវសកម្មភាពមុខសញ្ញាខាងលើ លុះនៅវេលាម៉ោង១៨៖១៥នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ក៏ចុះបង្រ្កាបជាក់ស្តែងតែម្តង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងអាវុធហត្ថស្រុកស្អាង កំពុងចាត់ការបន្តតាមនីតិវិធីច្បាប់៕

