
ប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដ (Bashar al-Assad) បាននិយាយកាលពីថ្ងៃពុធថា ប្រទេសរបស់ខ្លួន នៅតែបើកចំហចំពោះគំនិតផ្តួចផ្តើមទាក់ទងនឹងទំនាក់ទំនងជាមួយប្រទេសទួរគី ដោយសង្កត់ធ្ងន់លើអធិបតេយ្យភាពរបស់ប្រទេសស៊ីរីលើទឹកដីរបស់ខ្លួន និងការប្តេជ្ញាចិត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ។
លោក អាសាដ បានធ្វើការអត្ថាធិប្បាយទាំងនេះ ក្នុងអំឡុងពេលជួបជាមួយលោក Alexander Lavrentiev បេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ីប្រចាំនៅស៊ីរី នៅទីក្រុងដាម៉ាស( Damascus)។
លោក អាសាដ បានលើកឡើងពីសារៈសំខាន់នៃការគោរពអធិបតេយ្យភាពរបស់ប្រទេសស៊ីរី និងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ជាមូលដ្ឋានសម្រាប់កិច្ចខិតខំប្រឹងប្រែងណាមួយ ដើម្បីកែលម្អទំនាក់ទំនងស៊ីរី-ទួរគី។
លោក Lavrentiev បានសម្តែងការគាំទ្ររបស់រុស្ស៊ីចំពោះគំនិតផ្តួចផ្តើមពាក់ព័ន្ធនឹងស៊ីរី និងទួរគី ដោយកត់សម្គាល់លក្ខខណ្ឌអំណោយផលសម្រាប់ការសម្របសម្រួលប្រកបដោយជោគជ័យ។
ប្រទេសទួរគី និងស៊ីរី បានផ្តាច់ទំនាក់ទំនងការទូតជាផ្លូវការ ក្នុងឆ្នាំ ២០១២ នៅពេលដែលសង្រ្គាមស៊ីវិលស៊ីរី បានចាប់ផ្តើម។ ប្រទេសទួរគី បានគាំទ្រក្រុមឧទ្ទាមដែលប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក អាសាដ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការបង្ហាញអំពីភាពប្រសើរឡើងនៃទំនាក់ទំនង ប៉ុន្តែមិនមានការរីកចម្រើនគួរឲ្យកត់សម្គាល់ណាមួយ ត្រូវបានសម្រេចនោះទេ។