ភ្នំពេញ ៖ឯកឧត្តម ម៉ារីត សាងៀមផុង្ស (Maris SANGAMPONGSA) រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃ បានជម្រាបជូនសម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាថាក្នុងឋានៈជារដ្ឋមន្ត្រីការបរទេស ឯកឧត្តមនឹងខិតខំប្រឹងប្រែងឲ្យអស់លទ្ធភាពដើម្បីពង្រឹងពង្រីកទំនាក់ទំនងដែលមានស្រាប់រវាងប្រទេសទាំងពីរ ហើយ និងប្តេជ្ញាឲ្យទំនាក់ទំនងនេះកាន់តែរឹងមាំស៊ីជម្រៅលើគ្រប់វិស័យ។
ឯកឧត្តមរដ្ឋមន្រ្ដីការបរទេសថៃ បានជម្រាបជូនបែបនេះ ក្នុងឱកាសសម្ដេចតជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២៤នេះ។
ក្នុងជំនួបនេះសម្ដេចតេជោបានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចលើកដំបូងរបស់ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសថៃ។ សម្ដេចតេជោបានអបអរសាទរចំពោះឯកឧត្តមដែលត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីការបរទេសថៃ និងអរគុណចំពោះឯកឧត្តមដែលបានជ្រើសរើសកម្ពុជាជាទីកន្លែងបំពេញទស្សនកិច្ចនាពេលនេះ។ សម្ដេចតេជោសង្ឃឹមថាដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងពង្រឹងថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ សម្តេចតេជោ ក៏បានផ្ដាំផ្ញើសួរសុខទុក្ខដល់ឯកឧត្តមនាយករដ្ឋមន្ត្រីថៃ និងថ្នាក់ដឹកនាំថៃដទៃទៀតផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីការបរទេសថៃ បានថ្លែងអំណរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តមចូលជួបសម្ដែងការគួរសមនៅពេលនេះ។ ឯកឧត្តមបន្តថា ប្រទេសថៃបានចាត់ទុកប្រទេសកម្ពុជាជាប្រទេសសំខាន់ ដោយប្រទេសទាំងពីរមានព្រំដែនជាប់គ្នា ហើយរាជរដ្ឋាភិបាលថៃតែងតែផ្ដល់អាទិភាពខ្ពស់ក្នុងទំនាក់ទំនងជាមួយព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃជូនចំពោះសម្ដេចតេជោផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសថៃបានជម្រាបជូនសម្ដេចថា ឯកឧត្តមបានទទួលការណែនាំពីរាជរដ្ឋាភិបាលថៃ ក្នុងឋានៈជារដ្ឋមន្ត្រីការបរទេស ឯកឧត្តមនឹងខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាពដើម្បីពង្រឹងពង្រីកទំនាក់ទំនងដែលមានស្រាប់រវាងប្រទេសទាំងពីរ ហើយនិងប្តេជ្ញាឱ្យទំនាក់ទំនងនេះកាន់តែរឹងមាំស៊ីជម្រៅលើគ្រប់វិស័យ។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងជំនួយសព្វបែបយ៉ាងដែលរាជរដ្ឋាភិបាលកម្ពុជា បានជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរជាពិសេសការតភ្ជាប់រវាងប្រជាជន និងប្រជាជននិង ទំនាក់ទំនងរវាងវិស័យឯកជន និងវិស័យឯកជន។
ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះការគាំទ្រអនុញ្ញាតឱ្យបើកអគ្គកុងស៊ុលព្រះរាជាណាចក្រថៃ នៅក្រុងសៀមរាប និងអគ្គកុងស៊ុលនៅប្រទេសថៃ។ ឯកឧត្តមសង្ឃឹមថាក្រោយការបើកអគ្គកុងស៊ុលទាំងពីរនេះ នឹងជំរុញថែមទៀតនៅការតភ្ជាប់រវាងប្រជាជន និងប្រជាជន ជាពិសេសការវិនិយោគផ្សេងៗ។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសថៃបានផ្ដល់ជាយោបល់ថា នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរអាចនឹងផ្ដល់កិត្តិយសចូលរួមក្នុងការបើកអគ្គកុងស៊ុលនៅប្រទេសទាំងពីរដើម្បីបង្ហាញថា រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធដើម្បីជំរុញការតភ្ជាប់រវាងប្រជាជន និងប្រជាជន។
ឯកឧត្តមបានជំរាបជូនសម្តេចតេជោនូវលទ្ធផលប្រកបដោយផ្លែផ្កាក្នុងជំនួបសម្ដែងការគួរសមជាមួយសម្ដេចធិបតីនាយករដ្ឋមន្ត្រី។ ដែលក្នុងជំនួបនោះឯកឧត្តមក៏បានពាំនាំនូវការផ្ដើមផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមនាយករដ្ឋមន្ត្រីថៃ ជូនចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ និងផ្ដាំពីការធានាអះអាងថា មិនអនុញ្ញាតឲ្យជនអមិត្តណាប្រើប្រាស់ទឹកដីថៃធ្វើសកម្មភាពប្រឆាំង នឹងរដ្ឋាភិបាលកម្ពុជានោះទេ។ ឯកឧត្តមក៏បានជម្រាបជូនសម្ដេចតេជោពីក្តីរីករាយដែលរដ្ឋាភិបាលថៃបានបង្កនូវវិធានការ និងបទបញ្ញត្តិដែលអនុគ្រោះ ដើម្បីសម្រួលឲ្យពលរដ្ឋខ្មែរធ្វើដំណើរចូលទៅកាន់ប្រទេសថៃ ដោយពុំចាំបាច់មាន visa រហូតដល់រយៈពេល៦០ថ្ងៃ
ដែលពីមុនត្រឹមតែ៤០ថ្ងៃប៉ុណ្ណោះ ដែលនេះជាការលើកទឹកចិត្តឲ្យប្រជាជនកម្ពុជា បានចូលរួមក្នុងវិស័យពាណិជ្ជកម្ម នៅតាមព្រំដែន និងការធ្វើដំណើរកំសាន្តជាដើម។ រាជរដ្ឋាភិបាលថៃក៏បានជំរុញឲ្យវិស័យឯកជនបានចូលរួមជាមួយរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការជំរុញការវិនិយោគលើវិស័យសំខាន់ៗជាច្រើន។ រាជរដ្ឋាភិបាលថៃមើលឃើញថា ទំហំទេសចរណ៍បរទេសចូលទៅទស្សនាប្រទេសថៃមានចំនួនច្រើន ដូច្នេះភ្ញៀវទេសចរណ៍បរទេសទាំងអស់នោះ ក៏អាចបន្តមកទស្សនាប្រទេសកម្ពុជាបានផងដែរ ដើម្បីរួមចំណែកទាំងអស់គ្នាក្នុងភាពរីកចម្រើននៃវិស័យទេសចរណ៍នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីការបរទេសថៃ ដែលបានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់នាយករដ្ឋមន្ត្រីថៃ ។ សម្ដេចបានកោតសរសើរចំពោះគោលជំហររដ្ឋាភិបាលថៃដែលបញ្ជាក់អះអាងមិនអនុញ្ញាតឱ្យមានអមិត្តណាមួយយកទឹកដីថៃធ្វើសកម្មភាពប្រឆាំងនឹងកម្ពុជា។ សម្ដេចចាត់ទុកថានេះជាបញ្ហាសំខាន់សម្រាប់សន្តិសុខកម្ពុជាផង ថៃផង និងវៀតណាមផងដែរ។ សម្ដេចតេជោបន្តថា ប្រទេសកម្ពុជាក៏បានសន្យាជាមួយប្រទេសដទៃ ដែលមិនអនុញ្ញាតឲ្យប្រទេសអមិត្តណាយកទឹកដីរបស់ខ្លួនប្រឆាំងនឹងប្រទេសផ្សេងនោះដែរ។ សម្ដេចតេជោក៏បានអរគុណដល់ប្រទេសថៃដែលបង្កើនការស្នាក់នៅរបស់ពលរដ្ឋខ្មែរហើយមិនចាំបាច់មាន visa ពីរយៈពេល៤០ថ្ងៃ ទៅ៦០ថ្ងៃ ដែលនេះនឹងផ្ដល់ឱកាសឲ្យប្រជាជនមានទំនាក់ទំនងកាន់តែស៊ីជម្រៅទាំងវិស័យវិនិយោគ និងទេសចរណ៍។ ប្រទេសថៃជាគោលដៅមួយដែលពលរដ្ឋខ្មែរតែងតែទៅពិនិត្យសុខភាព។ សម្ដេចសង្ឃឹមថាភាពរីកចម្រើនក្នុងវិស័យវេជ្ជសាស្ត្ររបស់ថៃ អាចនឹងជួយសម្រួលដល់ប្រជាជនប្រទេសជិតខាង មាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ដែលនឹងទៅស្វែងរកសេវាសុខាភិបាលនេះ។
សម្ដេចតេជោបន្តថា នៅឆ្នាំ២០២៥ ជាខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយសម្ដេចជំរុញឲ្យមានការរៀបចំរំលឹកខួបទំនាក់ទំនងនេះផងដែរ។ ស្ដេចតេជោក៏ជំរុញឲ្យអ្នកវិនិយោគថៃមកវិនិយោគនៅកម្ពុជាឲ្យបានកាន់តែច្រើនថែមទៀត។ សម្ដេចក៏បានអរគុណដល់រាជរដ្ឋាភិបាលថៃដែលបានបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋកម្ពុជា បានទៅធ្វើការក្នុងប្រទេសថៃ មិនត្រឹមតែបានចំណូលទេ ថែមទាំងទទួលបាននូវចំណេះជំនាញថែមទៀតផងដែរ។ ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានជូនពរឯកឧត្តមរដ្ឋមន្ត្រីការបរទេសថៃ និងគណៈប្រតិភូ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យក្នុងដំណើរទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ៕






