
ប្រមុខនយោបាយរបស់អង្គការសហប្រជាជាតិ (UN) ដែលនឹងធ្វើជាប្រធានកិច្ចប្រជុំលើកដំបូង រវាងមេដឹកនាំតាលីបង់របស់ប្រទេសអាហ្វហ្គានីស្ថាន និងបេសកជនមកពីប្រហែល ២៥ប្រទេស បានឆ្លើយតបចំពោះការរិះគន់ខ្លាំងៗ ដែលថា ស្ត្រីអាហ្វហ្គានីស្ថានត្រូវបានដកចេញពីកិច្ចពិភាក្សា ដោយកាលពីថ្ងៃពុធ (ទី២៦ ខែមិថុនា) បាននិយាយថា សិទ្ធិស្ត្រីនឹងត្រូវបានលើកឡើងយកមកនៅគ្រប់សម័យប្រជុំទាំងអស់។
អគ្គលេខាធិការរង UN លោកស្រី Rosemary DiCarlo បានសង្កត់ធ្ងន់ទៅកាន់ក្រុមអ្នកសារព័ត៌មានមួយក្រុមតូចថា កិច្ចប្រជុំរយៈពេល ២ថ្ងៃដែលត្រូវចាប់ផ្តើមពីថ្ងៃអាទិត្យ (ទី៣០ ខែមិថុនា) គឺជាការចូលរួមដំបូងក្នុងគោលបំណងផ្តួចផ្តើមដំណើរការមួយជំហានម្តងៗ ដោយមានគោលដៅចង់ឃើញពួកតាលីបង់ «មានសន្តិភាពដោយផ្ទាល់ឯងខ្លួន និងជាមួយប្រទេសជិតខាង ព្រមទាំងប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ» ដែលជាធម្មនុញ្ញរបស់ UN និងគោរពសិទ្ធិមនុស្ស។
គួរបញ្ជាក់ថា នេះជាជំនួបលើកទី៣ របស់ UN ជាមួយបេសកជនអាហ្វហ្គានីស្ថាននៅរដ្ឋធានីដូហារបស់ប្រទេសកាតា ប៉ុន្តែជាលើកដំបូងដែលក្រុមតាលីបង់ចូលរួម។ ពួកគេមិនត្រូវបានអញ្ជើញឲ្យចូលរួមកាលពីលើកទី១ នោះទេ ហើយនៅលើកទី២ បានបដិសេធមិនចូលរួម។ លោកស្រី DiCarlo បាននិយាយថា អ្នកចូលរួមផ្សេងទៀត រួមមានបេសកជនមកពីសហភាពអឺរ៉ុប អង្គការសហប្រតិបត្តិការឥស្លាម សហរដ្ឋអាមេរិក រុស្ស៊ី ចិន និងប្រទេសជិតខាងមួយចំនួនរបស់អាហ្វហ្គានីស្ថាន។
ក្រុមតាលីបង់បានឡើងកាន់អំណាច នៅអាហ្វហ្គានីស្ថាន ក្នុងឆ្នាំ២០២១ ខណៈដែលកងកម្លាំងសហរដ្ឋអាមេរិក និងអង្គការណាតូ បានដកចេញ បន្ទាប់ពីមានសង្គ្រាម ២ទសវត្សរ៍៕