ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា ក្រសួងប្រៃសនីយ៍ គ្រោងដាំបង្គោលអង់តែនទូរស័ព្ទ នៅតាមចិញ្ចើមផ្លូវសាធារណៈ ជាពិសេសក្នុងរាជធានីភ្នំពេញ ឬដំបូលផ្ទះរបស់ប្រជាពលរដ្ឋដើម្បីពង្រីកសេវា ហើយក៏បានស្នើទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គាំទ្រ និងជួយសម្របសម្រួល ។
ក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធចុះបញ្ជីដីធ្លីថ្មី ប្រព័ន្ធផ្ទេរកម្មសិទ្ធិ បង្កើត លុបហ៊ីប៉ូតែក បណ្ណាល័យអេឡិកត្រូនិក និងប្រព័ន្ធចរន្តការរដ្ឋបាលផ្ទៃក្នុង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ជា វ៉ាន់ដេត មានប្រសាសន៍ថា ក្នុងរយៈពេល៣ឆ្នាំមកនេះ ក្រសួងប្រៃសណីយ៍បានខិតខំពង្រឹងសេវាទូរស័ព្ទ ហើយចាប់ផ្ដើមពង្រឹង គឺ២ឆ្នាំ ដោយនៅក្នុងរាជធានីភ្នំពេញ ត្រូវសាងសង់អង់តែនប្រមាណ ១ ២០០បង្គោលបន្ថែម ប៉ុន្តែរយៈពេល ១ឆ្នាំកន្លះ ដាំបានតែ ៣៦០បង្គោល គឺជួបឧបសគ្គ ពាក់ព័ន្ធនឹងការលើកឡើងពីពលរដ្ឋ ខ្លាចប៉ះពាល់សុខភាព ឬសោភ័ណភាព ។
ឯកឧត្តមបន្តថា ពាក់ព័ន្ធនឹងបញ្ហាដាំបង្គោលអង់តែននេះ គឺក្នុងរាជធានីភ្នំពេញ មានការលំបាក ព្រោះមានភាពចង្អៀត ហើយបច្ចុប្បន្នសេវាមានសភាពភិតផើយ ប៉ុន្តែបើដាំគ្រប់ទាំងជាង ១ពាន់បង្គោលបន្ថែមនោះ ទៅទីកន្លែងណាក៏មានសេវាគ្រប់គ្រាន់ ប្រើប្រាស់បានលឿន ។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជាជំហានទី១. ក្រសួងអាចនឹងសាងសង់បង្គោលនៅតាមចិញ្ចើមផ្លូវ ដែលបង្គោលនេះមានដាក់ភ្លើង ហើយត្រូវមានកិច្ចសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ហើយក៏ត្រូវការគាំទ្រ ពីក្រសួងរៀបចំដែនដី និងជំហានទី២. គឺនៅពេលមានការស្នើសុំសាងសង់អគារ គឺមានដាក់បង្គោលនៅលើអគារនោះ ឬនៅតាមខ្នងផ្ទះ ព្រោះបច្ចុប្បន្នក្រសួងបានបញ្ជូនមន្ត្រី ចុះទៅតាមខណ្ឌដើម្បីពិនិត្យសេវា ដោយយកខណ្ឌ៧មករាជាសគំរូ ។
ពាក់ព័ន្ធបញ្ហានេះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានទទួលយកសំណើនេះ នឹងបានជំរុញដល់មន្ត្រីឲ្យធ្វើការជាមួយមន្ត្រីក្រសួងប្រៃសណីយ៍ ៕ អត្ថបទ បាន សុខរិទ្ធិ



