
កងជីវពលស៊ីអ៊ីតនៅប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃពុធ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដោយយានដ្រូន ទៅលើអ៊ីស្រាអែល។
កងជីវពលដែលត្រូវបានគេស្គាល់ថា ជាក្រុមតស៊ូឥស្លាមនៅប្រទេសអ៊ីរ៉ាក់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីនធឺណិតថា ក្រុមយុទ្ធជនរបស់ខ្លួន បានបើកការវាយប្រហារដោយយានដ្រូន នៅពេលព្រឹកទៅលើ «ទីតាំងសំខាន់មួយ» នៅទីក្រុងកំពង់ផែ Eilat ភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល។
កងជីវពលនេះ បានអះអាងថា ការវាយប្រហារនេះ ត្រូវបានធ្វើឡើង«ដោយសាមគ្គីភាពជាមួយប្រជាជនហ្កាហ្សា» ដោយសន្យាថា នឹងកំណត់គោលដៅបន្ថែមទៀតទៅលើ«បន្ទាយនានារបស់សត្រូវ»។
សេចក្តីថ្លែងការណ៍នោះ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីទីតាំងគោលដៅ ឬជនរងគ្រោះណាមួយ ឡើយ។ អ៊ីស្រាអែល នៅមិនទាន់ធ្វើការអត្ថាធិប្បាយអំពីការវាយប្រហារនេះទេ។
ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះនៅតំបន់ហ្កាហ្សា កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ក្រុមតស៊ូឥស្លាមនៅអ៊ីរ៉ាក់ បានបើកការវាយប្រហារជាច្រើនលើកលើមូលដ្ឋានទ័ពអ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅក្នុងតំបន់នេះ ដោយអះអាងថា ជាការគាំទ្រប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។