
ប្រទេសកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ (ទី២៧ ខែមិថុនា) នេះ បានថ្កោលទោសការវាយប្រហារថ្មីៗនេះរបស់អ៊ុយក្រែនលើគ្រីមាដោយការប្រើប្រាស់អាវុធដែលផ្តល់ដោយសហរដ្ឋអាមេរិក ដោយហៅការវាយប្រហារនេះថា ជា «ឧក្រិដ្ឋកម្មដ៏គួរឲ្យភ័យខ្លាចប្រឆាំងនឹងមនុស្សជាតិដែលមិនអាចលើកលែងបាន» ដែលការលើកឡើងនេះមាននៅក្នុងសេចក្តីថ្លែងការណ៍បន្តបន្ទាប់គាំទ្រដល់ប្រទេសរុស្ស៊ី។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក អ៊ុយក្រែនបានបើកការវាយប្រហារលើឧបទ្វីបគ្រីមា ដែលត្រូវបានរុស្ស៊ីដាក់បញ្ចូលជាដែនដីឧបសម្ព័ន្ធ ដោយការវាយប្រហារនោះបានប្រើប្រព័ន្ធមីស៊ីលតាកទិកកងទ័ព (Tactical Missile System) ដែលផ្តល់ដោយសហរដ្ឋអាមេរិក ដោយបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៤នាក់ ស្លាប់ និង ១៥៣នាក់ផ្សេងទៀត រងរបួស ក្នុងនោះរួមទាំងកុមារផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលទទួលបានដោយទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង លោក Kang Sun-nam បាននិយាយថា៖ «ខ្ញុំសូមថ្កោលទោសយ៉ាងដាច់អហង្ការលើករណីថ្មីៗនេះថា ជាការវាយប្រហារពីយោធាដោយផ្ទាល់លើទឹកដីរុស្ស៊ី និងជាឧក្រិដ្ឋកម្មដ៏គួរស្អប់ខ្ពើមប្រឆាំងនឹងមនុស្សជាតិ»។
រុស្ស៊ីបានចោទប្រកាន់ថា សហរដ្ឋអាមេរិកបានផ្តល់ជំនួយផ្នែកចារកម្មដល់អ៊ុយក្រែន និងទិន្នន័យគោលដៅសម្រាប់ការវាយប្រហារ។ ផ្ទុយទៅវិញ សហរដ្ឋអាមេរិកនៅតែប្រកាន់ជំហរថា អ៊ុយក្រែនសម្រេចដោយឯករាជ្យនូវគោលដៅណាដែលខ្លួនត្រូវវាយប្រហារ៕