
បុគ្គលិកសន្តិសុខបានសម្លាប់ពួកសកម្មប្រយុទ្ធ ៣នាក់ និងប្រមូលបានអាវុធ និងគ្រាប់រំសេវ អំឡុងប្រតិបត្តិការមួយ នៅក្នុងស្រុក Doda នៃតំបន់ Jammu និង Kashmir របស់ប្រទេសឥណ្ឌា កាលពីថ្ងៃពុធ (ទី២៦ ខែមិថុនា)។
បន្ទាប់មក សន្តិសុខត្រូវបានពង្រឹងនៅក្នុងស្រុកនេះ ហើយគេឃើញបុគ្គលិកដើរល្បាតតាមដងផ្លូវ និងត្រួតពិនិត្យការធ្វើចរាចរណ៍ នៅថ្ងៃព្រហស្បតិ៍ (ទី២៧ ខែមិថុនា) នេះ។
គួរបញ្ជាក់ថា តំបន់នេះបានជួបប្រទះការវាយប្រហារជាច្រើនដង គិតចាប់តាំងពីថ្ងៃទី៩ ខែមិថុនា នៅពេលដែលក្រុមសកម្មប្រយុទ្ធបានបើកការបាញ់ប្រហារលើរថយន្តក្រុងដឹកអ្នកធ្វើធម្មយាត្រាហិណ្ឌូ ដោយហេតុការណ៍នោះបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៩នាក់ ស្លាប់ និងជាច្រើននាក់រងរបួស។
ជាមួយគ្នា ក៏សូមបញ្ជាក់បន្ថែមផងដែរថា តំបន់ភ្នំហិម៉ាល័យនេះ ដែលត្រូវបានប៉ាគីស្ថានទាមទារផងដែរនោះ ត្រូវបានញាំញីដោយអំពើហិង្សា ដែលបង្កឡើងដោយពួកសកម្មប្រយុទ្ធ ចាប់តាំងពីការបះបោរប្រឆាំងឥណ្ឌា បានចាប់ផ្ដើមក្នុងឆ្នាំ១៩៨៩។ មនុស្សរាប់ម៉ឺននាក់ត្រូវបានសម្លាប់ ទោះបីជាអំពើហិង្សា បានថយចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ៕