
ប្រជាជនហៃទី បាននិយាយពីការចង់បានដ៏ធំធេងរបស់ពួកគេសម្រាប់នគរបាលកេនយ៉ា ដើម្បីជួយស្ដារសណ្តាប់ធ្នាប់ក្នុងប្រទេសឡើងវិញ និងជួយដោះស្រាយវិបត្តិដែលនៅតែបន្ត។ ប្រជាជនដែលកំពុងជ្រកកោននៅក្នុងរោងមហោស្រពដែលគេបោះបង់ចោលមួយកន្លែង បានបង្ហាញពីក្តីសង្ឃឹមរបស់ពួកគេចំពោះការផ្លាស់ប្តូរ និងបានជំរុញឱ្យបរទេស ពិចារណាពីស្ថានភាពលំបាករបស់អ្នករស់នៅក្នុងជំរំជនភៀសខ្លួន ខណៈពួកគេផ្តោតលើការស្តារឡើងវិញស្ថិរភាពជាតិ។
នាយករដ្ឋមន្ត្រីប្រទេសហៃទី លោក ហ្ការី ខន់នីល(Garry Conille) បានទៅពិនិត្យមូលដ្ឋាននគរបាលកេនយ៉ា នៅក្នុងទីក្រុងព័រអូប្រាំង(Port-au-Prince) កាលពីថ្ងៃពុធ ជាកន្លែងដែលលោក បានបង្កើនការប្តេជ្ញាចិត្តរួមគ្នាទ្វេដង ដើម្បីទទួលបានការគ្រប់គ្រងប្រទេសឡើងវិញដែលត្រូវបានបំផ្លិចបំផ្លាញដោយអំពើហិង្សា ខណៈបេសកកម្មរក្សាសន្តិភាព ចាប់ផ្តើម។
លោក Conille និយាយថា កងទ័ពកេនយ៉ា ចំនួន៤៥០នាក់ គឺជាផ្នែកមួយនៃបេសកកម្មរក្សាសន្តិភាពដែលរង់ចាំជាយូរមកនៅក្នុងរដ្ឋធានីប្រទេសហៃទី ដើម្បីទប់ទល់អំពើហិង្សារបស់ក្រុមជនអន្ធពាល។
ប្រទេសកេនយ៉ា បានស្ម័គ្រចិត្តដឹកនាំកម្លាំងដែលគាំទ្រដោយអង្គការសហប្រជាជាតិ កាលពីខែកក្កដាឆ្នាំមុន ប៉ុន្តែការដាក់ពង្រាយកងកម្លាំង ត្រូវបានពន្យារពេលម្តងហើយម្តងទៀត ដោយបញ្ហាប្រឈមជាមួយតុលាការកេនយ៉ា និងអំពើហិង្សាកាន់តែអាក្រក់នៅក្នុងប្រទេសហៃទី។
នគរបាល កេនយ៉ា ត្រូវបានគេរំពឹងថា នឹងមានការចូលរួមដោយមន្ត្រីមកពីប្រទេសចំនួន១៥ផ្សេងទៀត រួមទាំងប្រទេសមួយចំនួន នៅក្នុងទ្វីបអាហ្រ្វិក និងតំបន់សមុទ្រការ៉ាអ៊ីប ព្រមទាំងប្រទេសកាណាដា បារាំង អាល្លឺម៉ង់ អង់គ្លេស និងប្រទេសអេស្ប៉ាញ។ រួមទាំងអស់ កងកម្លាំងសន្តិសុខ នឹងបង្កើតបេសកកម្មរក្សាសន្តិភាព មានកម្លាំងចំនួន២.៥០០នាក់ ដែលផ្តល់មូលនិធិជាចម្បងដោយសហរដ្ឋអាមេរិក ជាអ្នកបានសន្យាថា នឹងផ្តល់ទឹកប្រាក់ចំនួន៣៦០លានដុល្លារ ទោះបីជាមូលនិធិភាគច្រើន ត្រូវបានពន្យាពេល ដោយសមាជិកសភា មួយចំនួនក៏ដោយ។