
កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសបដិសេធរបាយការណ៍របស់សហរដ្ឋអាមេរិកស្តីពីការជួញដូរមនុស្ស ដែលបានដាក់ទីក្រុងព្យុងយ៉ាង ឲ្យស្ថិតក្នុងក្រុមកម្រិតទាបបំផុត ដោយអះអាងថា ទីក្រុងវ៉ា ស៊ីនតោន កំពុងធ្វើឲ្យបញ្ហាសិទ្ធិមនុស្ស ក្លាយជាបញ្ហានយោបាយ ដើម្បីជាមធ្យោបាយធ្វើអន្តរាគមន៍ក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។
កាលពីដើមសប្តាហ៍នេះ ក្រសួងការបរទេស បានចេញផ្សាយរបាយការណ៍ស្តីពីការជួញដូរមនុស្សឆ្នាំ ២០២៤ ដែលប្រទេសកូរ៉េខាងជើង ត្រូវបានចុះបញ្ជីក្នុងក្រុមលំដាប់ទី៣ រួមជាមួយនឹងប្រទេសចិន រុស្ស៊ី អ៊ីរ៉ង់ និងប្រទេសផ្សេងៗទៀត។ សហរដ្ឋអាមេរិក បានដាក់កូរ៉េខាងជើងក្នុងក្រុមនេះ រយៈពេល ២២ឆ្នាំជាប់គ្នា។
ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បាននិយាយថា៖«វាគឺជាឯកសារមួយនៃឯកសារការបង្កាច់បង្ខូចរបស់សហរដ្ឋអាមេរិកស្តីពីសិទ្ធិមនុស្ស ដែលផ្តោតលើការចោទប្រកាន់របស់ខ្លួនចំពោះបណ្តាប្រទេសដែលមានអធិបតេយ្យភាពឯករាជ្យ»។ «របាយការណ៍នេះ គឺគ្មានអ្វីក្រៅពីការចុះបញ្ជីឯកសារនូវបណ្តាប្រទេសដែលមិនគាំទ្រតម្លៃរបស់សហរដ្ឋអាមេរិក ក្នុងកិច្ចប្រឹងប្រែង ដើម្បីសម្រេចគោលបំណងនយោបាយរបស់ខ្លួននោះ។
ប្រទេសកូរ៉េខាងជើង បានលើកយកបញ្ហានេះជាមួយនឹងរបាយការណ៍ដែលបាននិយាយថា ការបញ្ជូនពលកររបស់ខ្លួនទៅក្រៅប្រទេសរបស់កូរ៉េខាងជើងពាក់ព័ន្ធនឹងការងារដោយបង្ខំ ដោយបញ្ជាក់ថា ទីក្រុង វ៉ាស៊ីនតោន បានធ្វើការអះអាងមិនសមហេតុផលជុំវិញការធ្វើដំណើររបស់បុគ្គលិក«ធម្មតា»រវាងកូរ៉េខាងជើង និងប្រទេសជិតខាងរបស់ខ្លួន។