
របាយការណ៍មួយពីអង្គភាពស្រាវជា្រវ និងវិភាគផ្នែកសេដ្ឋកិច្ច (EIU) បានចេញផ្សាយឲ្យដឹងថា តំបន់ដែលមានពិន្ទុមធ្យមខ្ពស់បំផុតផ្នែកការអប់រំ គឺអាមេរិកខាងជើង។ តែដោយសារតែ «វិបត្តិលំនៅឋានស្រួចស្រាល់» ដែលបានប៉ះពាល់តំបន់ជាច្រើន ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកាណាដា បានទទួលចំណាត់ថ្នាក់ទាបជាងឆ្នាំមុន។
របាយការណ៍បានរៀបរាប់ថា៖ «ស្ថានភាពគួរឲ្យព្រួយបារម្ភជាពិសេស នៅប្រទេសអូស្ត្រាលី និងកាណាដា ដែលការមានអចលនទ្រព្យ សម្រាប់ជួល គឺនៅកម្រិតទាបបំផុត ហើយតម្លៃទិញបានបន្តឡើងថ្លៃ បើទោះបីជាអត្រាការប្រាក់ឡើងខ្ពស់ក៏ដោយ»។
ទីក្រុង Vancouver របស់កាណាដា បានធ្លាក់ចំណាត់ថ្នាក់ ខណៈពេលដែលនៅតែស្ថិតក្នុងចំណោមទីក្រុងលើគេទាំង១០ ហើយទីក្រុង Toronto (ចំណាត់ថ្នាក់ទី៩ ក្នុងបញ្ជី នៅឆ្នាំ២០២៣) បានធ្លាក់ចេញពីចំណាត់ថ្នាក់កំពូលទាំង១០ ដោយធ្លាក់ទៅលេខ១២។ ទីក្រុងឡុងដ្រ៍របស់ចក្រភពអង់គ្លេស ត្រូវបានចាត់ថ្នាក់ជាទីក្រុងដែលអាចរស់នៅបានបំផុតទី៤៥ លើពិភពលោក។នៅទ្វីបអាស៊ី ដោយរំកិលពីចំណាត់ថ្នាក់ទី៦១ ទៅទី៥០ ទីក្រុងហុងកុងបានឃើញនូវពិន្ទុកើនឡើងខ្ពស់បំផុត ចាប់តាំងពីឆ្នាំមុន ដោយសារការធ្វើឲ្យមានស្ថិរភាព និងពិន្ទុថែទាំសុខភាពរបស់ទីក្រុង។ ទីក្រុងនានារបស់ប្រទេសអារ៉ាប់រួម បានឃើញមានពិន្ទុកើនឡើងខ្ពស់បំផុតមួយចំនួនឆ្នាំនេះ ដោយទីក្រុង Abu Dhabi និង Dubai បានឡើងចំណាត់ថ្នាក់ ហើយទីក្រុង Riyadh, Jeddah និង Al Khobar របស់អារ៉ាប៊ីសាអ៊ូឌីត ក៏ទទួលបានកម្រិតខ្ពស់ផងដែរ។
លោកស្រី Barsali Bhattacharyya នាយករងឧស្សាហកម្មនៅ EIU បានប្រាប់ឲ្យដឹងថា៖ «កម្រិតនៃភាពស័ក្ដិសមអាចរស់នៅបានជាសកល បានឡើងយឺតៗ ក្នុងឆ្នាំមុន ប៉ុន្តែហានិភ័យ ចំពោះស្ថិរភាព នៅតែមានដដែល។ អតិផរណានៅតែខ្ពស់ អមដោយអត្រាការប្រាក់ខ្ពស់ និងបញ្ហាសេដ្ឋកិច្ចផ្សេងទៀត បាននាំឲ្យមានការតវ៉ាជាញឹកញាប់ ១ឆ្នាំទៀត នៅទូទាំងពិភពលោក«។
នេះគឺសន្ទស្សន៍របស់ទីក្រុងស័ក្ដិសមក្នុងការរស់បានជាសកល សម្រាប់ឆ្នាំ២០២៤ ដែលនៅលើគេទាំង១០៖ ទី១ គឺទីក្រុង Vienna (អូទ្រីស) ទី២ ទីក្រុង Copenhagen (ដាណឺម៉ាក) ទី៣ ទីក្រុង Zurich (ស្វីស) ទី៤ ទីក្រុង Melbourne (អូស្ត្រាលី) ទី៥ ទីក្រុង Calgary (កាណាដា) ទី៦ ទីក្រុងហ្សឺណែវ (ស្វីស) ទី៧ ទីក្រុងស៊ីដនី (អូស្ត្រាលី) ទី៧ស្ទួន ទីក្រុង Vancouver (កាណាដា) ទី៩ ទីក្រុងអូសាកា (ជប៉ុន) និងទី៩ស្ទួន ទីក្រុង Auckland (នូវែលហ្សេឡង់)៕