កណ្ដាល៖ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ គណៈប្រតិភូគណៈកម្មការទី៨នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ ឡោក ខេង បានចុះពិនិត្យមើលដំណើការ នៃការបំពេញការងាររបស់មណ្ឌលសុខភាពជ្រៃ ស្ថិតនៅឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយចុះជួបលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ បុគ្គលិកសុខាភិបាល សំណេះសំណាលសួរសុខទុក្ខអ្នកជំងឺ និងបានស្តាប់របាយការណ៍របស់ប្រធានមណ្ឌលសុខភាពជ្រៃ។
បន្ទាប់មក លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភាបាន (១)ជំរុញឱ្យមន្ទីរសុខាភិបាលខេត្ត មណ្ឌលសុខភាព សហការជាមួយអាជ្ញាធរឃុំចូលរួមផ្សព្វផ្សាយអោយពលរដ្ឋបានយល់ពីជំងឺមិនឆ្លងមុនពេលផ្តល់សេវាផ្សេងៗ និងមុនពេលដែលអាជ្ញាធរឃុំសង្កាត់បើកវេទិកាសាធារណៈ (២)លើកទឹកចិត្តឱ្យមន្ទីរសុខាភិបាល មន្ទីរការងារ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក គ្រប់កម្រិត រោងចក្រ សហគ្រាស ត្រូវខិតខំផ្សព្វផ្សាយសេវាបង្ការជំងឺមិនឆ្លង តាមរយៈការបង្កើតខ្លីបវីដេអូអប់រំ។
លោកជំទាវ ឡោក ខេង បានរំលឹកផងដែរថា ជំងឺមិនឆ្លងនេះជាបញ្ហាប្រឈមចំពោះមុខមួយនាពេលបច្ចុប្បន្នដែលរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏ដូចជាសភាជាតិ តាមរយៈគណៈកម្មការទី៨នៃរដ្ឋសភាបាននឹងកំពុងបង្កើនការយកចិត្តទុកដាក់ដើម្បីធានា ឱ្យពលរដ្ឋមានសុខភាពល្អ និងមានជីវភាពកាន់តែល្អប្រសើរ ៕ ដោយ ៖ ដារ៉ា







