
អគ្គសេនាធិការចម្រុះ (JCS) របស់ទីក្រុងសេអ៊ូល បានប្រាប់ឲ្យដឹងថា កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានចាប់ផ្តើមសមយុទ្ធយោធាថ្មីដ៏ធំ នៅថ្ងៃព្រហស្បតិ៍ (ទី២៧ ខែមិថុនា) ខណៈដែលសម្ព័ន្ធមិត្តកំពុងស្វែងរកការទប់ទល់នឹងការគំរាមកំហែងដែលកំពុងកើនឡើងពីទីក្រុងព្យុងយ៉ាង។
JCS បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធដែលត្រូវបានដាក់ឈ្មោះថា «Freedom Edge» នឹងផ្តោតលើការការពារមីស៊ីលបាលីស្ទិក និងដែនអាកាស សង្គ្រាមប្រឆាំងនាវាមុជទឹក និងការបណ្ដុះបណ្ដាលការការពារតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងចំណោមវិស័យផ្សេងៗទៀត។
គួរបញ្ជាក់ថា មេដឹកនាំនៃប្រទេសទាំង៣ បានបើកកិច្ចប្រជុំកំពូល កាលពីឆ្នាំមុន ហើយបានយល់ព្រមធ្វើសមយុទ្ធជារៀងរាល់ឆ្នាំ ដើម្បីបង្ហាញពីការរួបរួម ក្នុងការប្រឈមនឹងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងឥទ្ធិពលក្នុងតំបន់ដែលកំពុងកើនឡើងរបស់ចិន។
សមយុទ្ធយោធារួមគ្នាស្រដៀងនេះ កាលពីមុន បានធ្វើឲ្យទីក្រុងព្យុងយ៉ាងខឹងសម្បា ដោយមើលឃើញថា នេះគឺជាការហ្វឹកសម ដើម្បីលុកលុយ។
សមយុទ្ធដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៩ ខែមិថុនា នឹងមានការចូលរួមពីនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ USS Theodore Roosevelt នាវាពិឃាតបំពាក់មីស៊ីលតម្រង់គោលដៅ JS Atago របស់ជប៉ុន និងយន្តហោះចម្បាំង KF-16 របស់ទីក្រុងសេអ៊ូល ក្នុងចំណោមគ្រឿងយុទ្ធោបរណ៍ផ្សេងទៀត៕