ភ្នំពេញ ៖ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា អបអរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម នៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់លើវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ពីព្រោះវិស័យនេះនៅតែជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចតទៅអនាគត។
ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញក្តីសោមនស្សក្រៃលែង និងអបអរសាទរ «ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ឆ្នាំ២០២៤» ក្រោមប្រធានបទ «ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់កំណើនកាន់តែប្រសើរ» (Better MSMEs Ecosystem for Better Growth)។ ខណៈមហាសន្និបាតអង្គការសហប្រជាជាតិបានបង្កើតទិវាសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs Day) ដោយកំណត់យកថ្ងៃទី២៧ នៃខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីរួមចំណែកសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០៣០ និងធានាបាននូវការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងបរិស្ថានប្រកបដោយបរិយាបន្ន និងនិរន្តភាព។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាកថ់ា រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យ លេខ១៥ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ កំណត់យកថ្ងៃទី២៧ ខែមិថុនា រៀងរាល់ឆ្នាំ ជា ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីលើកកម្ពស់និងផ្តល់តម្លៃដល់វិស័យនេះ ដែលជាមូលដ្ឋានគ្រឹះនិងកម្លាំងចលកររុញច្រានកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។ ខណៈវិស័យនេះគ្របដណ្តប់សកម្មភាពសេដ្ឋកិច្ចគ្រប់ប្រភេទនិងផ្តល់នូវអត្ថប្រយោជន៍ជូនប្រជាជន និងធុរជនគ្រប់រូបតាមរយៈការបង្កើតការងារមុខរបរ បង្កើនប្រាក់ចំណូល កាត់បន្ថយចំណាកស្រុក ជួយប្រជាជនងាយរងគ្រោះឱ្យមានលំនឹងជីវភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ស្ថេរភាពសង្គម និងរួមចំណែកដល់ការរីកចម្រើននៃវិស័យឯកជន។
សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា មានឆន្ទៈនិងការប្តេជ្ញាមោះមុតក្នុងការបន្តអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យមហើយបានដាក់ចេញនូវយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងគោលបំណងលើកកម្ពស់ គាំពារ និងពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធព្រមទាំងជំរុញ និងពន្លឿនការចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីធានាឱ្យបាននូវភាពធន់ ភាពប៉ាន់ប្រមាណបាន និងភាពរីកចម្រើនទៅមុខនៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតនៅកម្ពុជា៕
អត្ថបទ៖ វ៉ន ដារ៉ា






