ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា អបអរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម នៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពាវនាវដល់វិស័យឯកជនត្រូវខិតខំពង្រឹងខ្លួនឯង ដើម្បីក្លាយទៅជាតួអង្គមានលំនឹងកាន់តែច្រើនលើវិស័យឯកជននេះ ហើយកុំផ្ដេកផ្ដួលអាស្រ័យលើការផ្ដល់ការអនុគ្រោះពីរាជរដ្ឋាភិបាល ឬប្រទេសណាមួយ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី - សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវមោទនភាពដែលបរិស្ថានរបស់កម្ពុជអំណោយផលដល់វិស័យឯកជនក្នុងនោះក្រុមហ៊ុនតូចៗក្នុងស្រុកជាច្រើន បានពង្រីកខ្លួនឯងទៅជាក្រុមហ៊ុនធំៗ តាមរយៈការពង្រឹងខ្លួនឯង ជាពិសេសការពង្រឹងអភិបាលកិច្ច ដើម្បីពង្រីកខ្លួនបាន។
ក្នុងឱកាសនោះសម្ដេចធិបតីនាយករដ្ឋមន្រ្ដីបញ្ជាក់ថា មកដល់ពេលនេះសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានងើបឡើងវិញរើបៗហើយ។ ខណៈកំណើនសក្ដានុពលរបស់កម្ពុជាកើនឡើងលឿនជាងគេបើធៀបជាមួយប្រទេសក្នុងតំបន់លើការទាក់ទាញវិនិយោគិនថ្មីមកបណ្ដាក់ទុននៅកម្ពុជា។
សូមជម្រាបថា បច្ចុប្បន្ននេះ សហគ្រាសធុនមីក្រូ តូច និងមធ្យម មានប្រមាណ៩០% លើមូលដ្ឋានផលិតកម្ម អាជីវកម្មសរុប, ផ្តល់ការងារពី ៦០% ទៅ៧០% និងរួមចំណែក ៥០% នៃផលិតផលក្នុងស្រុកសរុបនៅទូទាំងពិភពលោក។ យោងតាមរបាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យមចំនួន ៧៥៣,៦៧០ មូលដ្ឋាន មានកម្លាំងពលកម្មសរុប២,៩៨០,៥៦៩នាក់ ក្នុងនោះស្រ្តីមាន១,៨៤១,៣៦២នាក់។ លទ្ធផលជំរឿនបានបង្ហាញថា វិស័យ សហគ្រាសធុនមីក្រូ តូច និងមធ្យម បានចូលរួមក្នុងផលិតផលក្នុងស្រុកសរុបស្មើ៦៣% និងផ្តល់ការងារលើសពី៧០%(ដោយមិនរាប់បញ្ចូលវិស័យកសិកម្ម)៕
អត្ថបទ៖ វ៉ន ដារ៉ា









