ភ្នំពេញ ៖ ស្រី ស៊ីណា ដែលជាឃាតករបាញ់ប្រហារនៅខណ្ឌច្បារអំពៅ ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់មួយបទល្មើសបន្ថែមទៀត ពីបទរំលោភលើលំនៅឋាន។
នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានប្រកាសព័ត៌មានពីការសម្រេចចោទប្រកាន់បន្ថែមមួយបទល្មើសទៀតចំពោះឈ្មោះ ស្រី ស៊ីណា ដែលជាឃាតករបាញ់ប្រហារនៅក្នុងបុរី ប៉េង ហួត បឹងស្នោរ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា បន្ទាប់ពីបានពិនិត្យលម្អិតបន្ថែមទៀត លើសំណុំរឿងករណីបាញ់ប្រហារ ប្រព្រឹត្តដោយជនសង្ស័យឈ្មោះ ស្រី ស៊ីណា ដែលបានបណ្តាលឱ្យមនុស្ស ០២ នាក់បានស្លាប់ និងមនុស្ស ០២ នាក់ទៀតបានរងរបួស កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ តំណាងអយ្យការបានពិនិត្យឃើញថា ជនសង្ស័យឈ្មោះ ស្រី ស៊ីណា បានដើរចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះឈ្មោះ ឡុង លីសុង ដោយពុំមានការអនុញ្ញាតពីភាគីជនរងគ្រោះឈ្មោះ ឡុង លីសុង ដែលជាម្ចាស់ផ្ទះឡើយ ដែលសកម្មភាពនេះ គឺបានបង្កើតជាបទល្មើសរំលោភលើលំនៅឋាន ។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបន្ថែមថា ផ្អែកតាមអង្គហេតុខាងលើនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់បន្ថែមលើជនសង្ស័យ ឈ្មោះ ស្រី ស៊ីណា ពីបទ រំលោភលើលំនៅឋាន តាមមាត្រា ២៩៩ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដែលបទល្មើសនេះអាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែទៅ ១ (មួយ) ឆ្នាំ។
សូមបញ្ជាក់ជូនថា សំណុំរឿងឈ្មោះ ស្រី ស៊ីណា ត្រូវបានតំណាងអយ្យការចោទប្រកាន់ចំនួន៣បទល្មើសរួចមកហើយ ដោយបំបែកជាពីរសំណរឿង គឺបទឃាតកម្ម បទប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយខុសច្បាប់ ហើយត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

