
ប្រទេសសម្ព័ន្ធមិត្តរបស់អង្គការណាតូជាច្រើន កំពុងរារែកក្នុងការប្តេជ្ញាចិត្ត ចំពោះការសន្យាចំណាយរយៈពេលច្រើនឆ្នាំដ៏ជាក់លាក់ ជុំវិញការផ្ដល់ជំនួយយោធាដល់ប្រទេសអ៊ុយក្រែនដែលមានគោលបំណងធានាឲ្យទីក្រុងគីវនូវភាពច្បាស់លាស់បន្ថែមទៀត ក្នុងរយៈពេលវែង។
ទោះបីជាមានការសាទរចំពោះសំណើរបស់ប្រមុខអង្គការណាតូ លោក Jens Stoltenberg ដែលសម្ព័ន្ធមិត្តត្រូវចំណាយយ៉ាងហោចណាស់ ៤០ពាន់លានអឺរ៉ូ ក្នុង ១ឆ្នាំ លើជំនួយទាំងផ្នែកបង្កគ្រោះថ្នាក់ខ្លាំង និងមិនបង្កគ្រោះថ្នាក់ខ្លាំង សម្រាប់អ៊ុយក្រែនក៏ដោយ ក៏បណ្តាប្រទេសមួយចំនួន ឥឡូវនេះ កំពុងខ្វែងគំនិតគ្នាពីរបៀប ស្ដីពីដំណើរការប្តេជ្ញាចិត្តលើការចំណាយសម្រាប់រយៈពេលច្រើនឆ្នាំខាងមុខ។ នេះបើតាមបុគ្គលដែលដឹងពីការពិភាក្សារបស់អង្គការណាតូ។
តែយ៉ាងណាក្ដី សម្ព័ន្ធមិត្តរបស់អង្គការណាតូ នឹងមិនមានបញ្ហាណាមួយ ក្នុងការឈានដល់គោលដៅផ្ដល់ជំនួយ ៤០ពាន់លានអឺរ៉ូ ក្នុងឆ្នាំ២០២៤ នោះទេ ដ្បិតសហរដ្ឋអាមេរិកតែម្នាក់ឯង នឹងលើសពីចំនួននោះរួចទៅហើយ ដោយបានផ្ដល់កញ្ចប់ជំនួយបន្ថែមចំនួន ៦០ពាន់លានដុល្លារអាមេរិក សម្រាប់អ៊ុយក្រែន។
ប៉ុន្តែឧបសគ្គនយោបាយ និងផ្លូវច្បាប់ នៅក្នុងរដ្ឋធានីជាច្រើន មានន័យថា រដ្ឋាភិបាលទំនងជានឹងត្រូវវាយតម្លៃឡើងវិញនូវគោលដៅជារៀងរាល់ឆ្នាំ ដើម្បីពិនិត្យមើលថា តើការប្តេជ្ញាចិត្តគួរតែត្រូវបានបង្កើន ឬកាត់បន្ថយ អាស្រ័យលើស្ថានភាពនៅលើសមរភូមិ។ នេះបើតាមការឲ្យដឹងពីបុគ្គល ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ៕