
យោធាអ៊ីស្រាអែល បាននិយាយថា កាលពីថ្ងៃអង្គា (ទី២៥ ខែមិថុនា) ពួកសកម្មប្រយុទ្ធហាម៉ាសបានបាញ់គ្រាប់មីស៊ីលតម្រង់ក្បួនរថយន្តជំនួយមនុស្សធម៌របស់អង្គការយូនីសេហ្វ (UNICEF)។
រូបភាពវីដេអូដែលបានចេញផ្សាយដោយកងទ័ពអ៊ីស្រាអែល កាលពីថ្ងៃពុធ (ទី២៦ ខែមិថុនា) បង្ហាញពីបុគ្គលិកអង្គការសហប្រជាជាតិ (UN) ដែលកំពុងរត់ទៅពួននៅក្នុងរថយន្តដែលមានស្លាកសញ្ញារបស់ UN ហើយទាហានអ៊ីស្រាអែលកំពុងលាក់ខ្លួននៅក្នុងជម្រកចល័តមួយ និងក្រាបនៅលើដី បន្ទាប់មកមានការផ្ទុះមួយលាន់ឡើង។ សារព័ត៌មាន Reuters មិនអាចបញ្ជាក់ពីទីតាំង ឬកាលបរិច្ឆេទនៃវីដេអូ ដែលត្រូវបានថតនេះនោះទេ។
កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានប្រាប់ថា ក្បួនរថយន្តជំនួយត្រូវបានសម្របសម្រួលជាមួយអង្គការយូនីសេហ្វ ដើម្បីឲ្យកុមារពីភាគខាងជើងហ្កាហ្សារស់នៅរួមជាមួយគ្រួសាររបស់ពួកគេ នៅភាគខាងត្បូង។ IDF បានបន្ថែមថា មីស៊ីលហោះពត់ពែននេះត្រូវបានបាញ់នៅផ្លូវមនុស្សធម៌ ក្នុងតំបន់ហ្កាហ្សា ជាកន្លែងដែលទាហានអ៊ីស្រាអែលកំពុងការពារតំបន់នោះ។
តែយ៉ាងណាក្ដី កងទ័ពបានបញ្ជាក់ថា បុគ្គលិកផ្តល់ជំនួយអន្តរជាតិ និងទាហានអ៊ីស្រាអែល មិនមានរងរបួសក្នុងការវាយប្រហារនេះទេ៕