ភ្នំពេញ ៖ មន្ទីរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានធ្វើបទបង្ហាញស្តីពីការអប់រំអាព្យាបាលពីសារៈសំខាន់ នៃការស្តារនិតិសម្បទាបន្ទាប់ពីទទួលការវះកាត់ គ-ថ្លង់។
លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានលើកឡើងថា ការបើកកម្មវិធីអប់រំនេះ មានគោលបំណងបណ្តុះបណ្តាលអាណាព្យាបាលអំពីសារៈសំខាន់នៃការស្តារនីតិសម្បទា បន្ទាប់ពីការវះកាត់គ-ថ្លង់។ ការស្តារនិតិសម្បទាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់កុមារ ដែលបានឆ្លងកាត់ការវះកាត់គ-ថ្លង់ ដើម្បីអោយពួកគេចាប់ផ្តើមរស់នៅមានដំណើរការធម្មតា និងមានជីវិតដូចកុមារ ដទៃទៀត។ យើងជឿជាក់ថា អាណាព្យាបាលមានតួនាទីដ៏សំខាន់បំផុតក្នុងការផ្តល់នូវការគាំទ្រ ការអប់រំ និងការថែទាំសម្រាប់កូនៗ។ អាណាព្យាបាល គឺជាអ្នកដែលជួយកូនៗឱ្យមានកម្លាំងក្នុងការចូលរួមការស្តារនីតិសម្បទា និងបង្កើនសុភមង្គលរបស់ពួកគេ។ សូមបងប្អូនអាណាព្យាបាលត្រូវយកចិត្តទុកដាក់ទាំងអស់គ្នា ហើយយើងនឹងបន្តឆ្ពោះទៅមុខជាមួយគ្នា ដើម្បីធានាថាកូនៗរបស់យើង នឹងមានអនាគតល្អបន្ទាប់ពីការវះកាត់គ-ថ្លង់ រួច។ គិតមកដល់ពេលនេះ យើងវះកាត់គ-ថ្លង់បានចំនួន ៤៧នាក់ និងវះត្រចៀកចំនួន ៦១នាក់។
អ្នកស្រី Donna Sperandio អ្នកជំនាញឯកទេសផ្នែកនិយាយ និងស្តារនិតិសម្បទា ជាឯកទេសមួយដែលព្យាបាលទៅលើកុមារគ-ថ្លង់ ក្រោយពីវះកាត់គ-ថ្លង់ ដើម្បីឲ្យកុមារ អាចនិយាយបានឡើងវិញ ដែលធ្វើការលើជំនាញមួយអស់រយៈពេល៣០ឆ្នាំមកហើយ នៅប្រទេសអូស្រ្តាលី និងអ្នកស្រី THITIYA ASSAWA JIN DA WAT (ហៅកាត់ Beer) Managing Director នៃ hear LIFE hearing Care Centre ប្រចាំប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា និងឡាវ បានលើកឡើងរួមគ្នាយ៉ាងដូច្នេះថា ថ្ងៃនេះគាត់ បណ្តុះបណ្តាលជូនដល់ក្រុមគ្រូពេទ្យដែលមានឯកទេសខាងផ្នែកវាស់សម្លេង រួមទាំងអាណាព្យាបាល ក៏ដូចជាកុមារ ដែលកុមារទាំងនោះ ទទួលបានការវះកាត់ គ-ថ្លង់។ មកដល់ពេលនេះ គឺមានកុមារដែលមានជំងឺគ-ថ្លង់ ដែលមិនអាចស្តាប់បាន មានចំនួន៣០លានកុមារ នៅទូទាំងពិភពលោក។ ទន្ទឹមនឹងនោះកុមារ ដែលមានជំងឺគ-ថ្លង់ មានចំនួនច្រើនក្នុងប្រទេសកម្ពុជា ជាមួយគ្នានេះដែរ អ្នកស្រី មានសេចកី្តសប្បាយរីករាយយ៉ាងខ្លាំងដែលបានមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយទៅដល់កុមារ ដែលមានភាព គ-ថ្លង់ និងផ្តល់ការបណ្តុះបណ្តាលបន្ថែមជូនដល់គ្រូពេទ្យឯកទេស ហើយក៏ដូចជាអាណាព្យាបាលដែលមានកូន គ-ថ្លង់ ផងដែរ។
ជាចុងក្រោយលោកសាស្ត្រាចារ្យរង លូ លីឃាង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីសហការទាំងអស់ដែលបានចូលរួមជាមួយមន្ទីរពេទ្យព្រះអង្គឌួង ក្នុងការរៀបចំកម្មវិធីនេះឡើង និងសូមឱ្យចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការនេះកាន់តែរីកចំរើនជារៀងរហូត។ ក៏សូមថ្លែងអំណរគុណ និងសូមគោរពជូនពរសុខភាពល្អ ដល់អាណាព្យាបាល និងលោក លោកស្រីទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីនេះ! សូមយើងបន្តប្រឹងប្រែងដើម្បីធានាការស្តារនីតិសម្បទាសម្រាប់កូនៗយើងទាំងអស់គ្នា៕
អត្ថបទ ៖ រដ្ឋា























