
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy នៅថ្ងៃព្រហស្បតិ៍ (២៧ មិថុនា) បានទៅដល់ទីក្រុងប៊្រុចសែលហើយ ជាកន្លែងដែលលោកគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខចំនួន៦ ក្នុងនោះរួមទាំងកិច្ចព្រមព្រៀងមួយជាមួយសហភាពអឺរ៉ុប (EU) ផងដែរ។
លោក Zelenskiy បានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា៖ «ជាលើកដំបូង កិច្ចព្រមព្រៀងនេះនឹងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋសមាជិកទាំង២៧ ដើម្បីផ្តល់ឲ្យអ៊ុយក្រែននូវការគាំទ្រយ៉ាងទូលំទូលាយ ដោយមិនពាក់ព័ន្ធដល់ការផ្លាស់ប្តូរស្ថាប័នផ្ទៃក្នុងណាមួយឡើយ»។
ជាមួយគ្នានេះ មេដឹកនាំអ៊ុយក្រែនរូបនេះ ក៏នឹងចូលរួមផងដែរ ក្នុងកិច្ចប្រជុំកំពូល EU រយៈពេល ២ថ្ងៃ នៅទីក្រុងប៊្រុចសែល នាថ្ងៃព្រហស្បតិ៍នេះ ដែលនឹងពិភាក្សាអំពីការជួយអ៊ុយក្រែនទប់ទល់នឹងការលុកលុយរបស់រុស្ស៊ី ពោលគឺកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពី EU បានចាប់ផ្តើមកិច្ចភិភាក្សាចូលសមាជិកជាផ្លូវការសម្រាប់ទីក្រុងគៀវ ដែលជាធម្មតាដំណើរការនេះ ត្រូវចំណាយពេលច្រើនឆ្នាំ។
គួរបញ្ជាក់ថា អ៊ុយក្រែនដែលជាប់ក្នុងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាមួយរុស្ស៊ី ចាប់តាំងពីខ្លួនត្រូវបានលុកលុយ ក្នុងខែកុម្ភៈ ឆ្នាំ២០២២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយប្រទេសចំនួន១៧ នៅឆ្នាំនេះ៕