
បើទោះបីជាប្រធានាធិបតីកេនយ៉ាលោក William Ruto ដកផែនការដំឡើងពន្ធដ៏ចម្រូងចម្រាសក៏ដោយ ក៏បាតុកររាប់រយនាក់ នៅថ្ងៃព្រហស្បតិ៍ (២៧ មិថុនា) នេះ បានប្រមូលផ្តុំគ្នានៅទីក្រុងកំពង់ផែ Mombasa និងទីក្រុង Kisumu ភាគខាងលិច ខណៈដែលនគរបាលបានបិទផ្លូវ ជុំវិញវិមានប្រធានាធិបតី ក្នុងរដ្ឋធានីណៃរ៉ូប៊ី (Nairobi)។
បាតុកម្មបានបង្កបញ្ហាប្រឈមធំបំផុតដល់តំណែងប្រធានាធិបតីរយៈពេល ២ឆ្នាំរបស់លោក Ruto។ អ្វីដែលបានចាប់ផ្ដើមគ្រាន់តែជាការប្រឆាំងតាមប្រព័ន្ធអ៊ីនធឺណិត ចំពោះការដំឡើងពន្ធនោះ បានរីករាលយ៉ាងឆាប់រហ័សប្រែក្លាយទៅជាការប្រមូលផ្តុំគ្នាទាមទារឲ្យមានកំណែទម្រង់នយោបាយកាន់តែទូលំទូលាយ និងការលាលែងពីតំណែងរបស់លោក Ruto។
យ៉ាងហោចណាស់មនុស្ស ២៣នាក់ បានបាត់បង់ជីវិត ក្នុងការប៉ះទង្គិចគ្នា នៅសប្តាហ៍នេះ បន្ទាប់ពីក្រុមបាតុករ បានសម្រុកចូល និងដុតអគាររដ្ឋសភា រយៈពេលខ្លី កាលពីថ្ងៃអង្គារ ដោយបានជំរុញឲ្យលោក Ruto ដកសេចក្ដីស្នើច្បាប់ហិរញ្ញវត្ថុដែលមានវិធានការដំឡើងពន្ធ។ ទោះបីក្រុមបាតុករមួយចំនួន បាននិយាយថា ពួកគេនឹងបញ្ឈប់បាតុកម្មបន្ទាប់ពីការដកច្បាប់នេះក៏ដោយ ក៏អ្នកផ្សេងទៀតបានប្តេជ្ញាថា នឹងបន្តដាក់សម្ពាធរហូតដល់លោក Ruto លាលែងពីតំណែង។
តែយ៉ាងណាក្ដី ការតវ៉ាហាក់ដូចជាមានកម្រិតតូចជាងមហាបាតុកម្ម កាលពីថ្ងៃអង្គារ ដែលបានឃើញមនុស្សរាប់ម៉ឺននាក់ចេញមកធ្វើបាតុកម្ម ក្នុងទីក្រុងណៃរ៉ូប៊ី និងទីក្រុងផ្សេងទៀត៕