មេដឹកនាំសហភាពអឺរ៉ុប បានព្រមព្រៀងតែងតាំងលោកស្រី Ursula von der Leyen មកពីប្រទេសអាល្លឺម៉ង់ សម្រាប់អាណត្តិទីពីររយៈពេលប្រាំឆ្នាំ ជាប្រធានគណៈកម្មការអឺរ៉ុបបន្តទៀត ដែលជាស្ថាប័នប្រតិបត្តិដ៏មានឥទ្ធិពលរបស់សហភាពអឺរ៉ុប។

នៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក មេដឹកនាំប្រទេសទាំង២៧ របស់ប្លុកនេះ ក៏បានជ្រើសរើសអតីតនាយករដ្ឋមន្ត្រីប្រទេសព័រទុយហ្គាល់ លោក Antonio Costa ជាប្រធាននៃកិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុបនាពេលអនាគតរបស់ពួកគេ និងបានជ្រើសរើសនាយករដ្ឋមន្ត្រីប្រទេសអេស្តូនី លោក Kaja Kallas ជាប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បន្ទាប់។

កញ្ចប់ភាពជាអ្នកដឹកនាំ តំណាងឱ្យការបន្តនៅក្នុងតំណែងកំពូលរបស់ប្លុកអឺរ៉ុប ដែលមានប្រជាជនប្រហែល ៤៥០លាននាក់ ជាមួយនឹងក្រុមគាំទ្រអឺរ៉ុបនិយមកណ្តាល នៅរក្សាតំណែងកំពូល ទោះបីជាមានការកើនឡើងអ្នកស្តាំនិយម នៅក្នុងការបោះឆ្នោត សភាអឺរ៉ុប កាលពីដើមខែនេះក៏ដោយ។
អ្នកទាំងបី បានទទួលការគាំទ្រយ៉ាងទូលំទូលាយ ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីតាលីស្តាំនិយម លោក ចចា មែលឡូនី(Giorgia Meloni) បានអនុបវាទការបោះឆ្នោតលើលោកស្រី von der Leyen ហើយបានបោះឆ្នោតប្រឆាំងលោក Costa និងលោក Kallas នេះបើយោងតាមអ្នកការទូត។
ការតែងតាំងលោកស្រី Von der Leyen នៅតែត្រូវការ ការអនុម័តពីសភាអឺរ៉ុប នៅក្នុងការបោះឆ្នោតសម្ងាត់មួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាសំណើរដ៏ពិបាកមួយ ជាងការយល់ព្រមចំពោះលោកស្រី ដោយមេដឹកនាំសហភាពអឺរ៉ុប។