យោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៧ មិថុនា) ថា កងកម្លាំងរបស់ខ្លួនបានបង្ខំឱ្យកងទ័ពរុស្ស៊ី ដកថយចេញពីតំបន់មួយក្នុងទីក្រុង ចាស៊ីវយ៉ា (Chasiv Yar) នៅផ្នែកសមរភូមិមុខភាគខាងកើតនៃសង្រ្គាម ដែលត្រូវបានគេមើលឃើញថាជាគោលដៅបន្ទាប់របស់ទីក្រុងមូស្គូ ក្នុងការវាយរុលទៅមុខយឺតៗតាមរយៈតំបន់នោះ។

ប៉ុន្តែរបាយការណ៍រុស្ស៊ីមួយបាននិយាយថា កងកម្លាំងរបស់ក្រុងមូស្គូ បានបំផ្លាញប៉មទំនាក់ទំនងមួយនៅជិតក្រុងនេះ ហើយបានបន្តវាយឆ្ពោះទៅមុខទៀត។ កងកម្លាំងរុស្ស៊ី កំពុងវាយរុញបន្តិចម្តងៗឆ្លងកាត់ផ្នែកមួយចំនួននៃភាគខាងកើតអ៊ុយក្រែន ដោយដណ្តើមបានទីក្រុងជាច្រើនចាប់តាំងពីការដណ្តើមយកទីក្រុង អាវឌីអ៊ីវកា (Avdiivka) ដ៏សំខាន់ក្នុងខែកុម្ភៈ មក។

ទីក្រុង ចាស៊ីវយ៉ា ស្ថិតនៅលើតំបន់ដីខ្ពស់ចម្ងាយ ២០ គីឡូម៉ែត្រ នៅភាគខាងលិចនៃក្រុង បាកមូដ (Bakhmut) ជាទីដែលកងកម្លាំងរុស្ស៊ី ដណ្ដើមបានកាលពីមួយឆ្នាំមុន បន្ទាប់ពីការប្រយុទ្ធជាច្រើនខែ។ ភាគីទាំងពីរមើលឃើញថាក្រុង ចាស៊ីវយ៉ា ជាចំណុចចាប់ផ្តើមដ៏មានសក្ដានុពលសម្រាប់រុស្ស៊ី ក្នុងការវាយរុលទៅមុខលើទីក្រុងសំខាន់ៗនៃតំបន់ ដូណិតស្ក៍ (Donetsk) ភាគខាងកើត និងតំបន់ផ្សេងទៀត។

ស្ថានទូតអ៊ុយក្រែននៅទីក្រុងវ៉ាស៊ីនតោន បានបង្ហោះការអង្វរករមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ឱ្យរុស្ស៊ី បញ្ឈប់ការវាយរុលរបស់ខ្លួននៅលើក្រុង ចាស៊ីវយ៉ា ដោយនិយាយថាទីក្រុងមូស្គូ កំពុងព្យាយាមយ៉ាងខ្លាំងក្នុងការលុបបំបាត់ទីក្រុងនេះ ដាក់គោលដៅលើសូម្បីតែព្រះវិហារដែលរងការខូចខាតរួចទៅហើយ និងអគារលំនៅដ្ឋានស៊ីវិល៕