យោងទៅតាមអង្គការឃ្លាំមើលភាពអត់ឃ្លានសកល ដែលគាំទ្រដោយអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា ប្រទេសស៊ូដង់ កំពុងប្រឈមមុខទៅនឹងវិបត្តិភាពអត់ឃ្លានដែលពុំធ្លាប់មានពីមុនមក ដែលអាចនឹងកាន់តែធ្ងន់ធ្ងរទៅៗ។ ការវិភាគចុងក្រោយបំផុតរបស់ខ្លួន បានបង្ហាញពីឱកាសជាក់ស្តែងនៃគ្រោះទុរ្ភិក្សនៅក្នុងតំបន់ចំនួន១៤ នៅទូទាំងប្រទេស ប្រសិនបើសង្រ្គាមកាន់តែរីកធំ។ ទីភ្នាក់ងារបែងចែកដំណាក់កាលសន្តិសុខស្បៀងរួមគ្នា ឬ IPC និយាយថា ជាងពាក់កណ្តាលនៃចំនួនប្រជាជន កំពុងជួបប្រទះវិបត្តិនៃភាពអត់ឃ្លាន។

លោក Eddie Rowe នាយកកម្មវិធីស្បៀងអាហារពិភពលោក(WFP) នៅស៊ូដង់ បាននិយាយថា មនុស្សប្រហែល ៧៥០.០០០នាក់ ត្រូវបានគេព្យាករណ៍ថានឹងស្ថិតក្នុង«មហន្តរាយ» ក្នុងកម្រិតនៃភាពអត់ឃ្លានធ្ងន់ធ្ងរបំផុត។ កម្មវិធីស្បៀងអាហារពិភពលោក បានរាយការណ៍ថា ប្រជាជនស៊ូដង់ មួយចំនួនកំពុងទទួលទានស្លឹកឈើ ដើម្បីរស់រួចទៅហើយ។ កាលពីថ្ងៃព្រហស្បតិ៍ កម្មវិធីស្បៀងអាហារពិភពលោក បានហៅវិបត្តិភាពអត់ឃ្លាននៅប្រទេសស៊ូដង់ថា អាក្រក់បំផុតនៅលើពិភពលោក។

យើងកំពុងប្រឹងប្រែងឥតឈប់ឈរ មិនត្រឹមតែប្រើប្រាស់ធនធានដែលមានគ្រប់គ្រាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចផ្តល់ធនធានទាំងនេះ ដល់មនុស្សដែលស្ថិតលើមាត់ជ្រោះនៃគ្រោះទុរ្ភិក្ស។
តំបន់ចំនួន១៤ កំពុងស្ថិតក្នុងហានិភ័យនៃគ្រោះទុរ្ភិក្ស គឺជាតំបន់ដែលឃើញមានការប្រយុទ្ធគ្នាខ្លាំងបំផុត។ គ្រោះទុរ្ភិក្ស អាចត្រូវបានប្រកាស ប្រសិនបើយ៉ាងហោចណាស់ប្រជាជន២០ភាគរយ នៅក្នុងតំបន់មួយ ទទួលរងការខ្វះខាតស្បៀងអាហារខ្លាំង ហើយយ៉ាងហោចណាស់កុមារ៣០ភាគរយជួបប្រទះកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ខណៈមនុស្សពីរនាក់ក្នុងចំណោម១០.០០០នាក់ បានស្លាប់ជារៀងរាល់ថ្ងៃដោយសារភាពអត់ឃ្លាន។