ក្រុមប្រឹក្សាសហភាពអឺរ៉ុបបានចាប់ផ្តើមកិច្ចប្រជុំកំពូលកាលពីថ្ងៃព្រហស្បតិ៍ ដែលមិនត្រឹមតែសម្រេចថាអ្នកណានឹងបំពេញតំណែងកំពូលនៅក្នុងប្លុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយអ៊ុយក្រែនទៀតផង។

កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃធ្វើឡើងបន្ទាប់ពីពលរដ្ឋអឺរ៉ុបបានបោះឆ្នោតដើម្បីកំណត់សមាសភាពនៃសភាអឺរ៉ុបនៅថ្ងៃទី ៦ដល់៩ ខែមិថុនា ដោយគណបក្សស្តាំនិយមទទួលបានអាសនៈច្រើនជាង ប៉ុន្តែមិនទទួលបានការគ្រប់គ្រងសភាទេ។
របៀបវារៈនៃកិច្ចប្រជុំកំពូលរួមមានបញ្ហាដូចជាជំនួយយោធាដល់អ៊ុយក្រែន ចក្ខុវិស័យសម្រាប់អាណត្តិ៥ឆ្នាំបន្ទាប់ ស្ថានភាពនៅមជ្ឈិមបូព៌ា ការធ្វើអន្តោប្រវេសន៍ វិស័យការពារជាតិ និងសន្តិសុខ និងតំណែងកំពូលនៅក្នុងប្លុកនេះ ។
នៅលើបណ្ដាញសង្គម X លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយថា យើងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខចំនួនបីរួមទាំងមួយជាមួយសហភាពអឺរ៉ុបទាំងមូល ។

លោកបាននិយាយថា ជាលើកដំបូង កិច្ចព្រមព្រៀងនេះ នឹងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសសមាជិកទាំង ២៧ ក្នុងការផ្តល់ឱ្យអ៊ុយក្រែននូវការគាំទ្រយ៉ាងទូលំទូលាយ ដោយមិនគិតពីការផ្លាស់ប្តូរស្ថាប័នផ្ទៃក្នុងណាមួយឡើយ៕