សភាពាណិជ្ជកម្ម និងឧស្សាហកម្មកម្ពុជា-បារាំង( CCIFC) នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី២ ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដោយវេទិកានេះនឹងបង្កើតនូវកាលានុវត្តភាពអំពីសក្តានុពលរបស់កម្ពុជាបន្ថែមទៀត សម្រាប់ក្រុមធុរជនបារាំងធ្វើការវិនិយោគនៅកម្ពុជា។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ ដើម្បីប្រកាសជាផ្លូវការពីការរៀបចំវេទិកាធុរកិច្ចបារាំង-កម្ពុជា លើកទី២នៅក្នុងស្ថានទូតបារាំង លោកឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា លោក ហ្សាក់ ប៉េឡេ បានលើកឡើងថា វេទិកាធុរកិច្ចកម្ពុជា បារាំងនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ខណៈវេទិកានេះនឹងមានការប្រមូលផ្តុំតំណាងក្រុមហ៊ុនបារាំងនៅកម្ពុជា និងក្នុងតំបន់ហើយវេទិកាធុរកិច្ចនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ(កម្ពុជា-បារាំង)ឲ្យកាន់តែល្អប្រសើរបន្ថែម ទៀតនាពេលខាងមុខ។
លោក ហ្សាក់ ប៉េឡេ បានឲ្យដឹងទៀតថា ព្រឹត្តិការណ៍ខាងលើនេះនឹងមានការចូលរួមពីសមាជិក សហគមធុរកិច្ចបារាំងនៅកម្ពុជាក៏ដូចជាតំណាងក្រុមហ៊ុនបារាំងនៅក្នុងតំបន់ ដែលមានបំណងស្វែងយល់ឲ្យកាន់តែច្បាស់ពីទីផ្សារកម្ពុជា។ លោកបន្ថែមថា តំណាងក្រុមហ៊ុន សំខាន់ៗជាច្រើននឹងមានវត្តមាន ដូច ជាក្រុមហ៊ុនសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល សុខាភិបាល ថាមពល នគរូបនីយកម្ម ទេសចរណ៍ ឡូជីស្ទីកដឹកជញ្ជូន កសិកម្មនិងកសិអាហារ ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាព និងបរិស្ថានជាដើម។
បើតាមលោកឯកអគ្គរដ្ឋទូតបារាំងរូបនេះបានអះអាងទៀតថា វេទិកាធុរកិច្ចលើកទី២រវាងកម្ពុជា និងបារាំងនាពេលនេះនឹងជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចបារាំង និងកម្ពុជានិងជាកាលានុវត្តភាពពិសេស មួយសម្រាប់ក្រុមហ៊ុន អ្នកប្រកបវិជ្ជាជីវៈ និងអ្នកមានចំណាប់អារម្មណ៍អំពីការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងការ ស្វែងយល់ពីសក្កានុពលជាច្រើនដែលកម្ពុជាផ្តល់ឲ្យ។ វេទិកានេះជាពេលវេលាសម្រាប់បង្កើតទំនាក់ទំនង ជាមួយដៃគូយុទ្ធសាស្រ្ត ថ្នាក់ដឹកនាំនយោបាយ និងអ្នកជំនាញនៅកម្ពុជាផងដែរ។
សូមបញ្ជាក់ថា ទំហំបម្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា និងបារំាងមានចំនួន១៣៦៣លានអឺរ៉ូ កាល ពីឆ្នាំ២០២៣កន្លងទៅ ដោយក្នុងនោះការនាំចេញរបស់បារាំងមកកម្ពុជា កាលពីឆ្នាំ២០២៣បានកើនឡើងយ៉ាងខ្លាំងពោលគឺរហូតដល់៣១ភាគរយបើធៀបនឹងឆ្នាំ២០២២។ ចំណែកការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសបារាំងវិញមានទំហំទឹកប្រាក់១១៩២លានអឺរ៉ូ កាលពីឆ្នាំ២០២៣។ បច្ចុប្បន្នបារាំងមានក្រុមហ៊ុនដែលកំពុងដំណើរការនៅកម្ពុជាមានចំនួន៤០០ក្រុមហ៊ុន នៅក្នុងទំហំទឹកប្រាក់ប្រមាណ៦៥០ លានអឺរ៉ូ។
បើតាមឯកអគ្គរដ្ឋទូតបារាំង បានលើកឡើងថា វត្តមានរបស់ក្រុមហ៊ុនបារាំងនៅកម្ពុជានេះ គឺបាន ឆ្លុះបញ្ចាំងឲ្យឃើញពីភាពរស់រវើកនៃទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា និងបារាំងដែលបានផ្តល់អត្ថប្រយោជន៍ ដល់ក្រុមហ៊ុននៃប្រទេសទាំងពីរ ហើយនិងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាផងដែរ។ លោក ទូតក៏បានរំពឹងផងដែរថា ក្រោយកម្ពុជា និងបារាំងបើកវេទិកាធុរកិច្ចលើកទី២ ទំហំពាណិជ្ជកម្មកម្ពុជា និង បារាំងនឹងមានសន្ទុះកាន់តែខ្លាំងបន្ថែមទៀតផងដែរ ខណៈបច្ចុប្បន្នធុរកិច្ចបារាំងកំពុងតែធ្វើការសិក្សា បន្ថែមទៀតអំពីសក្តានុពលរបស់កម្ពុជានោះ៕ អត្ថបទ៖ បាន ចក់