ឈ្មោះប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ត្រូវបានលោកឡើងដោយលោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) និងគូប្រជែងលោក ដូណាល់ ត្រាំ (Donald Trump) ចំនួនរាប់សិបដងក្នុងអំឡុងការជជែកដេញដោលបេក្ខជនប្រធានាធិបតីអាមេរិក ក្នុងរយៈពេលមួយម៉ោងកន្លះកាលពីថ្ងៃព្រហស្បតិ៍ (២៧ មិថុនា) ខណៈដែលអ្នកទាំងពីរកំពុងប្រជែងគ្នាដើម្បីបង្ហាញថាអ្នកណាខ្លាំងជាង លើគោលនយោបាយការបរទេស។

លោក ត្រាំ បាននិយាយអំពីលោក បៃដិន ដោយចាប់ផ្តើមការប៉ះទង្គិចគ្នាជាបន្តបន្ទាប់រវាងបេក្ខជនទាំងពីរជុំវិញសង្គ្រាមនៅអ៊ុយក្រែនថា «ប្រសិនបើយើងមានប្រធានាធិបតីពិតប្រាកដមួយរូប ដែលត្រូវបានគោរពដោយលោក ពូទីន នោះលោកប្រហែលជាមិនឈ្លានពានអ៊ុយក្រែនទេ»។

លោក បៃដិន បានតបទៅលោក ត្រាំ ថា «អញ្ជើញចុះ! ទុកឱ្យលោក ពូទីន ចូលទៅគ្រប់គ្រងអ៊ុយក្រែន រួចបន្តទៅកាន់ប៉ូឡូញ និងកន្លែងផ្សេងទៀតចុះ ហើយចាំមើលថាមានអ្វីកើតឡើង។ លោក ត្រាំ មិនដឹងទេថាខ្លួនកំពុងនិយាយផ្ដេសផ្ដាសប៉ុណ្ណា»។
របៀបបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ការជជែកដេញដោលលើការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះអង្គការណាតូ និងថាតើបណ្តាប្រទេសនៅអឺរ៉ុប កំពុងរួមចំណែកគ្រប់គ្រាន់ដល់កិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងប្រតិបត្តិការយោធារុស្ស៊ី ដែរឬទេ បានគ្របដណ្តប់យ៉ាងក្ដៅគគុកលើការពិភាក្សាលើជម្លោះ។ ចំណែកលោក ពូទីន ធ្លាប់បានបង្ហាញការព្រងើយកន្តើយរបស់ខ្លួនចំពោះលទ្ធផលនៃការបោះឆ្នោតអាមេរិក ដោយនិយាយកាលពីខែមុនថា លោកមិនខ្វល់ឡើយថាអ្នកណានឹងឈ្នះ។

នៅពេលដែលពលរដ្ឋអាមេរិកទៅបោះឆ្នោតនៅថ្ងៃទី០៥ ខែវិច្ឆិកា មនុស្សជាច្រើននឹងថ្លឹងថ្លែងលើបញ្ហាគោលនយោបាយការបរទេសដូចជាបញ្ហាអ៊ុយក្រែន និងអ៊ីស្រាអែល ប្រឆាំងនឹងក្តីកង្វល់ដែលនៅជិតខ្លួនដូចជាបញ្ហាអន្តោប្រវេសន៍ ការរំលូតកូន និងសេដ្ឋកិច្ចជាដើម៕