រដ្ឋមន្ត្រីរដ្ឋាភិបាល លោក អេឌ្យូអាដូ ដែល កាស្ទីឡូ(Eduardo del Castillo) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សចំនួន១៧នាក់ ភាគច្រើនជាសមាជិកយោធា ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសបូលីវី សម្រាប់ការចូលរួមរបស់ពួកគេនៅក្នុងរដ្ឋប្រហារដែលមិនទទួលបានជោគជ័យ។

កាលពីថ្ងៃពុធ ទាហានរាប់រយនាក់ ដែលបានដឹកនាំដោយ ឧត្តមសេនីយ៍ ហ័ន ចូសេ ហ្សូនីហ្កា(Juan Jose Zuniga) បានដង្ហែរក្បួននៅលើទីលាន Murillo ដែលជាចំណុចកណ្តាលនៃអំណាចនយោបាយរបស់ប្រទេសបូលីវី ហើយបានបង្ខំពួកគេចូលទៅក្នុងវិមានរដ្ឋាភិបាល ក្នុងបំណងបណ្តេញប្រធានាធិបតី លោក លូអ៊ីស អាស(Luis Arce) ចេញពីតំណែង។

ការស៊ើបអង្កេត បង្ហាញថា ផែនការនៃរដ្ឋប្រហារ បានចាប់ផ្តើមនៅក្នុងខែឧសភា ហើយវាត្រូវបានរៀបចំដោយក្រុមដែលបានកំណត់យ៉ាងលាស់ចំនួន៣ក្រុម រួមមានទាំងក្រុមរៀបចំផែនការ ដឹកនាំដោយ លោក Zuniga និងមេបញ្ជាការរងកងទ័ពជើងទឹក លោក ហ័ន អានណេស(Juan Arnez) ដែលត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃពុធ។

សមាជិកនៃក្រុមរៀបចំនិងសម្របសម្រួលទីពីរ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ហើយក្រុមទីបី ត្រូវបាន លោក Del Castillo ចាត់ទុកថាមានអំពើហិង្សាបំផុត ដែលទទួលខុសត្រូវចំពោះការចូលទៅក្នុងទីលាន Murillo មានទាំងរថក្រោះ និងបានដាក់ពង្រាយអាវុធយោធាប្រឆាំងប្រជាជនបូលីវី។
នគរបាល កំពុងស្វែងរកទាហានបីនាក់ទៀត ដែលកំពុងរត់គេចខ្លួន។
មន្ត្រីនិយាយថា គ្រាប់រំសេវ និងអាវុធធុនធ្ងន់ ត្រូវបានរកឃើញនៅក្នុងលំនៅឋានរបស់ទាហានម្នាក់ ដែលបង្ហាញពីស្ថានភាពជាក់លាក់ និងការរៀបចំយ៉ាងល្អិតល្អន់ នៃការបះបោរនេះ។