សារព័ត៌មាន NBC បានរាយការណ៍ដោយដកស្រង់ប្រភពមួយចំនួនថា ក្រសួងការពារជាតិសហរដ្ឋ អាមេរិក កំពុងឲ្យកងកម្លាំងរបស់ខ្លួនចល័តចូលខិតទៅជិតព្រំដែនអ៊ីស្រាអែល-លីបង់ ដើម្បីជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីប្រទេសលីបង់ភ្លាមៗ ប្រសិនបើចាំបាច់។

យោងតាមរបាយការណ៍ ទីក្រុងវ៉ាស៊ីនតោន បារម្ភថា អ៊ីស្រាអែល អាចនឹងចាប់ផ្តើមប្រតិបត្តិការជើងគោកនៅប្រទេសលីបង់ ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។
កាលពីថ្ងៃពុធ នាវាវាយប្រហារពហុបំណង USS Wasp របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក និងអង្គភាពបេសកកម្មដែនសមុទ្រទី២៤ ត្រូវបានដាក់ពង្រាយឡើងវិញ ទៅកាន់សមុទ្រមេឌីទែរ៉ាណេ។ លើសពីនេះទៅទៀតនោះ នាវា USS Oak Hill ក៏បានចូលនៅក្នុងតំបន់នេះដែរ។ ក្រៅពីនេះ មន្ត្រីអាមេរិក នៅតែទាក់ទងជាមួយសម្ព័ន្ធមិត្ត ដើម្បីសម្របសម្រួលការជម្លៀសរួមគ្នា ប្រសិនបើចាំបាច់នោះ។

គួរបញ្ជាក់ផងដែរថា មានការរាយការណ៍មុននេះថា កងទ័ពអ៊ីស្រាអែល បានអនុម័តផែនការប្រតិបត្តិការមួយសម្រាប់ការវាយលុកនៅក្នុងប្រទេសលីបង់ នៅពាក់កណ្តាលខែមិថុនា។ បន្ទាប់ពីប្រតិបត្តិការប្រឆាំងនឹងចលនាបដិវត្តន៍ ប៉ាឡេស្ទីនហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប អាជ្ញាធររបស់ប្រទេសរំពឹងថា នឹងវាយប្រហារក្នុងពេលដំណាលគ្នាជាមួយក្រុមហេសបូឡានៅប្រទេសលីបង់។ ក្រុមហេសបូឡា ដូចជាក្រុមហាម៉ាស ប្រឆាំងអ៊ីស្រាអែល ហើយតែងតែបាញ់ផ្តោងចូលទឹកដីរបស់ប្រទេសនេះ ពីភាគខាងជើង។