ប្រមុខនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាង(ណាតូ) បាននិយាយថា ការគាំទ្រអាវុធដ៏សំខាន់របស់កូរ៉េខាងត្បូងសម្រាប់អ៊ុយក្រែន មិនគួរត្រូវបានមើលឃើញថា មានលក្ខណៈដូចគ្នានឹងការបញ្ជូនអាវុធរបស់កូរ៉េខាងជើង ទៅឲ្យប្រទេសរុស្ស៊ីដែលពាក់ព័ន្ធនឹងស្ថានភាពខុសច្បាប់នៃការឈ្លានពានរបស់រុស្ស៊ីនោះទេ។

អគ្គលេខាធិការអង្គការណាតូ លោក ចេន ស្តូលថិនប៊ឺក (Jens Stoltenberg) ក៏បាននិយាយផងដែរថា អង្គការណាតូ នឹងស្វាគមន៍ «ការគាំទ្រដ៏សំខាន់ណាមួយ» ពីកូរ៉េខាងត្បូង ដើម្បីជួយអ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី ដោយចង្អុលបង្ហាញថា បញ្ហាដូចជាការគំរាមកំហែងរបស់កូរ៉េខាងជើង និងសង្រ្គាមនៅអ៊ុយក្រែន បញ្ជាក់ថា ការធានាសន្តិសុខ គឺពិតជាចំបាច់ណាស់។
លោក ស្តូលថិនប៊ឺក បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Yonhap នៅទីក្រុងប្រ៊ុចសែល កាលពីថ្ងៃព្រហស្បតិ៍ថា៖«យើងមិនគួរមានសមភាពផ្នែកសីលធម៌ណាមួយរវាងការគាំទ្ររបស់កូរ៉េខាងជើងចំពោះប្រទេសរុស្ស៊ី និងការគាំទ្រដ៏មានសក្តានុពលពីកូរ៉េខាងត្បូងដល់អ៊ុយក្រែននោះទេ ដោយសារនេះ គឺជាសង្គ្រាមឈ្លានពាន»។

លោក បាននិយាយថា៖«ប្រទេសរុស្ស៊ី បានបំពានច្បាប់ វាយប្រហារប្រទេសជិតខាង ដូច្នេះការគាំទ្រចំពោះសង្គ្រាមខុសច្បាប់របស់រុស្ស៊ី គឺខុសច្បាប់។ ការគាំទ្រដល់អ៊ុយក្រែន ការការពារខ្លួន គឺស្របច្បាប់។ លក្ខខណ្ឌនេះ មានចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ»។
លោក ស្តូលថិនប៊ឺក ក៏បានបញ្ជាក់ដែរថា៖ «ការប៉ុនប៉ងណាមួយ ដើម្បីធ្វើឲ្យការគាំទ្រដល់រុស្ស៊ីស្នើគ្នាជាមួយការគាំទ្រអ៊ុយក្រែន គឺខុសទាំងស្រុង»។