
យោធាអ៊ីស្រាអែលបាននិយាយថា គ្រាប់រ៉ុក្កែតប្រហែល ៣៥គ្រាប់ និងមីស៊ីល ដែលបាញ់ចេញពីប្រទេសលីបង់ បានវាយប្រហារចំទីក្រុង Safed នៃប្រទេសអ៊ីស្រាអែលភាគខាងជើង កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយបានបណ្តាលឲ្យមានអគ្គិភ័យ ដាច់ចរន្តអគ្គិសនី និងខូចខាតទ្រព្យសម្បត្តិ។
យោធាអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «កងកម្លាំងការពារអ៊ីស្រាអែល (IDF) ប្រព័ន្ធការពារដែនអាកាស Array បានស្ទាក់ចាប់បានដោយជោគជ័យនូវគ្រាប់រ៉ុក្កែត និងមីស៊ីលភាគច្រើនដែលគេបានបាញ់នោះ។
យោងតាមសេវាជួយសង្គ្រោះ Magen David Adom របស់ប្រទេសនេះ មិនមានអ្នកស្លាប់ ឬរបួស ត្រូវបានគេរាយការណ៍ទេ។
ក្រុមប្រឹក្សាតំបន់ Merom HaGalil បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផ្ទះមួយខ្នង ត្រូវរងការ វាយប្រហារដោយមីស៊ីលមួយគ្រាប់។ ស្របពេលជាមួយគ្នានេះ អាជ្ញាធរពន្លត់អគ្គិភ័យ និងជួយសង្គ្រោះបានរាយការណ៍ថា អគ្គិភ័យជាច្រើនកន្លែង បានឆាបឆេះឡើង ហើយជនស៊ីវិល បានជាប់ខ្លួន នៅក្នុង ជណ្តើរយន្ត ដោយសារតែ ដាច់ចរន្តអគ្គិសនី។
ជាមួយគ្នានេះ ក្រុមប្រដាប់អាវុធលីបង់ហេសបូឡា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានវាយប្រហារមូលដ្ឋានទ័ពអាកាសអ៊ីស្រាអែលនៅទីក្រុង Safed ដោយគ្រាប់រ៉ុក្កែត Katyusha ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុង Nabatieh ភាគខាងត្បូងប្រទេសលីបង់ និងទីប្រជុំជន Sohmor នៅភាគខាងកើតប្រទេសលីបង់ មួយថ្ងៃមុននេះ។ .
ប្រភពយោធាលីបង់ បានប្រាប់សារព័ត៌មានស៊ីនហួថា គ្រាប់រ៉ុក្កែតមួយចំនួន ត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាស Iron Dome របស់អ៊ីស្រាអែល។