
មន្ត្រីប៉ាគីស្ថាន បានប្រាប់ឲ្យដឹងថា តុលាការឧទ្ធរណ៍របស់ប្រទេសនេះ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៧ ខែមិថុនា) បានសម្រេចតម្កល់ការផ្តន្ទាទោស និងការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៧ឆ្នាំរបស់អតីតនាយករដ្ឋមន្ត្រី លោក Imran Khan និងភរិយារបស់លោក ជុំវិញអាពាហ៍ពិពាហ៍របស់អ្នកទាំង២ ក្នុងឆ្នាំ២០១៨ ដែលត្រូវបានរកឃើញថា មិនស្របច្បាប់។
ការសម្រេចនេះបាននាំឲ្យមានការថ្កោលទោសយ៉ាងខ្លាំងក្លា ពីអ្នកគាំទ្ររបស់លោក Khan និងគណបក្សរបស់លោកដែលសុទ្ធតែរំពឹងថា ស្វាមីភរិយាគូនេះ នឹងត្រូវបានដោះលែងឲ្យនៅក្រៅឃុំ។
សាលក្រមរបស់ចៅក្រម លោក Afzal Majoka បានកើតមានឡើង ២ថ្ងៃបន្ទាប់ពីការបញ្ចប់នូវការផ្ដល់ទឡ្ហីករណ៍ពីមេធាវីការពារក្តី និងអ្នកដាក់ញត្តិដែលជាអតីតស្វមីរបស់លោកស្រី Bushra Bibi ដែលជាភរិយាបច្ចុប្បន្នរបស់លោក Khan។ ក្រុមមេធាវីរបស់លោកបាននិយាយថា ពួកគេនឹងតវ៉ាជំទាស់នឹងការសម្រេចរបស់តុលាការនេះ។
សូមបញ្ជាក់ថា កាលពីខែកុម្ភៈ លោក Khan និងភរិយារបស់លោក ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៧ ឆ្នាំ បន្ទាប់ពីតុលាការបានសម្រេចថា ស្វាមីភរិយាគូនេះបានបំពានច្បាប់ ដែលស្ត្រីត្រូវរង់ចាំរយៈពេល ៣ខែសិន ទើបអាចរៀបមង្គលការម្ដងទៀត។ តែអ្នកទាំង២ បានបដិសេធថា ពួកគេមិនបានរំលោភលើរយៈពេលរង់ចាំ ៣ខែ ដែលជាការតម្រូវរបស់ច្បាប់អ៊ីស្លាម និងគាំទ្រដោយប៉ាគីស្ថាននោះឡើយ៕