
មន្ត្រីម្នាក់ នៅថ្ងៃសុក្រ (ទី២៨ ខែមិថុនា) នេះ បានប្រាប់ឲ្យដឹងថា ផ្នែកអន្តោប្រវេសន៍របស់ប្រទេសឥណ្ឌូនេស៊ីបានចាប់ខ្លួនអ្នកកាន់លិខិតឆ្លងដែនរបស់កោះតៃវ៉ាន់ចំនួន ១០៣នាក់ ដោយសង្ស័យថា ពួកគេធ្វើប្រតិបត្តិការឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតចេញពីកោះបាលី។
ការិយាល័យអន្តោប្រវេសន៍បាននិយាយថា ប្រតិបត្តិការ នៅថ្ងៃពុធ (២៦ មិថុនា) គឺជាការចាប់ខ្លួនធំបំផុតក្នុងឆ្នាំនេះ។ លោក Saffar Muhammad Godam នាយកអន្តោប្រវេសន៍កោះបាលី បានប្រាប់អ្នកសារព័ត៌មានថា ក្នុងពេលឆាប់ៗនេះ អាជ្ញាធរនឹងនិរទេសអ្នកកាន់លិខិតឆ្លងដែនកោះតៃវ៉ាន់ បន្ទាប់ពីចាប់ខ្លួនពួកគេ នៅក្នុងប្រតិបត្តិការ នៅឯវីឡាមួយ ក្នុងតំបន់ Tabanan នៃកោះបាលី។
ដោយលើកបង្ហាញកុំព្យូទ័រយួរដៃ និងរ៉ោតទ័រ ក្នុងសន្និសីទសារព័ត៌មាន លោកបាននិយាយថា៖ «ជនបរទេសទាំង ១០៣នាក់ បានស្នាក់នៅក្នុងវីឡាមួយ ហើយធ្វើសកម្មភាពគួរឲ្យសង្ស័យ ដែលយើងសង្ស័យថា ជាសកម្មភាពដែលទាក់ទងនឹងសកម្មភាពឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត»។
សារព័ត៌មាន Reuters មិនអាចទាក់ទងតំណាងស្របច្បាប់នៃអ្នកកាន់លិខិតឆ្លងដែនរបស់តៃវ៉ាន់ទាំងនោះបានទេ។ លោក Godam បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧក្រិដ្ឋកម្មនេះត្រូវបានគេសង្ស័យថា ជាការបោកប្រាស់ ដោយគោលដៅ គឺជាមនុស្សមកពីបរទេស និងមិនមែនជនជាតិឥណ្ឌូនេស៊ីនោះឡើយ៕