
ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងត្បូង បានដាក់ទណ្ឌកម្មឯករាជ្យលើនាវារុស្ស៊ីចំនួន ៤គ្រឿង និងជនជាតិកូរ៉េខាងជើងចំនួន ៨នាក់ ពីបទចូលរួមក្នុងការជួញដូរអាវុធខុសច្បាប់ និងប្រេងឥន្ធនៈ និងសកម្មភាពផ្សេងទៀត ដែលរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។ .
ក្រសួង បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ទណ្ឌកម្មនេះ ក៏រួមបញ្ចូលអង្គភាពចំនួន ៥រួមទាំងរដ្ឋបាលមីស៊ីលរបស់កូរ៉េខាងជើង ដែលទទួលខុសត្រូវចំពោះការសាកល្បងមីស៊ីលចុងក្រោយ កាលពីថ្ងៃពុធ ដែលទីក្រុងសេអ៊ូល បានអះអាងថា ជាការសាកល្បងបរាជ័យ។
ក្រសួងការបរទេស បានកត់សម្គាល់ថា ចំណាត់ការចុងក្រោយនេះ គឺដើម្បីឆ្លើយតបទៅនឹងកិច្ចព្រមព្រៀងយោធា ដែលបានចុះហត្ថលេខារវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងអំឡុងកិច្ចប្រជុំកំពូលរបស់ពួកគេ នៅទីក្រុងព្យុងយ៉ាង កាលពីថ្ងៃទី១៩ ខែ មិថុនា។ កិច្ចព្រមព្រៀងនេះ បានអំពាវនាវឲ្យមានការផ្តល់ជំនួយយោធា និងជំនួយផ្សេងទៀតពីភាគីមួយទៅភាគីមួយទៀត ដោយនឹង«មធ្យោបាយនានា»ក្នុងការចាត់ចែងរបស់ពួកគេ និង «ដោយពុំមានការពន្យារពេល» ប្រសិនបើប្រទេសទាំងពីរ ត្រូវបានគេឈ្លានពាន ឬឈានចូលក្នុងស្ថានភាពនៃសង្រ្គាម។
នាវារុស្ស៊ីទាំង ៤គ្រឿង បានចូលរួមនៅក្នុងការផ្គត់ផ្គង់ប្រេងចម្រាញ់ដល់ប្រទេសកូរ៉េខាងជើង តាមរយៈការផ្ទេរពីនាវាទៅនាវា ដែលជាធនធានដ៏សំខាន់សម្រាប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង។