
ទូរទស្សន៍រដ្ឋចិន CCTV រាយការណ៍ថា ទឹកជំនន់កម្ពស់រហូតដល់ ៤ម៉ែត្រ បានជន់លិចភូមិដ្ឋាននៅខេត្តភាគខាងកើត Anhui ប្រទេសចិន ជាប់នឹងទន្លេ Xin'an ។
យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានរដ្ឋ បានឲ្យដឹងថា ភ្លៀងធ្លាក់ជាមធ្យមនៅទីក្រុង Huangshan អំឡុងរយៈពេល ៩ថ្ងៃកន្លងមកនេះ មានកម្ពស់ ៥៨៩មីលីម៉ែត្រ បណ្តាលឲ្យមនុស្ស ៥៨.០០០នាក់ ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ។
រូបភាពវីដេអូឃ្លីបពី CCTV ឃើញក្រុមជួយសង្រ្គោះ ជម្លៀសពលរដ្ឋជាប់ខ្លួនតាមទូកពោងរបស់ពួកគេ ស្ថិតក្នុងទីក្រុង Nanchang ខេត្ត Jiangxi ។
រដ្ឋាភិបាលកណ្តាលចិន បានផ្តល់មូលនិធិ ៣១៦,៤លានដុល្លារ ដើម្បីជួយដល់ប្រតិបត្តិការជួយសង្រ្គោះ និងការផ្គត់ផ្គង់បន្ទាន់ ស្របពេលដែលទឹកជំនន់សម្លាប់មនុស្ស និងបំណាក់ដី បណ្តាលមកពីភ្លៀងធ្លាក់រយៈពេលជិត ២សប្តាហ៍កន្លងមកនេះ បានវាយប្រហារតំបន់ជាច្រើននៅទូទាំងប្រទេសចិន ៕