
ដោយសារស្ថាប័នហិរញ្ញវត្ថុ ក្នុងប្រទេសសិង្ហបុរី បានបង្កើន និងសម្របសម្រួលការទិញសម្ភារៈយោធាររបស់យោធាមីយ៉ាន់ម៉ាតិចជាងមុន របបយោធាដែលជួបការលំបាក កំពុងប្រើប្រាស់ធនាគារក្នុងប្រទេសថៃកាន់តែខ្លាំងឡើង ដើម្បីទិញឧបករណ៍នានា ក្នុងនោះរួមទាំងអាវុធដែលខ្លួនបានយកទៅប្រើប្រាស់ទប់ទល់ក្រុមដែលប្រឆាំងនឹងការដណ្តើមអំណាចឆ្នាំ២០២១ របស់ពួកយោធាផងដែរ។ នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ (UN)។
របាយការណ៍ដែលចេញផ្សាយដោយអ្នករាយការណ៍ពិសេសរបស់ UN លោក Tom Andrews កាលពីថ្ងៃទី២៦ ខែមិថុនា បានបង្ហាញថា ពីមុន ធនាគារដែលមានទីតាំងនៅសិង្ហបុរី គឺជា «អ្នកសម្របសម្រួលហិរញ្ញវត្ថុដ៏សំខាន់បំផុត សម្រាប់លទ្ធកម្មយោធារបស់សហភាពមីយ៉ាន់ម៉ា» ដោយបានដំណើរការការទូទាត់សាច់ប្រាក់ទិញអាវុធជាង ២៦០លានដុល្លារ នៅចន្លោះខែមេសា ឆ្នាំ២០២២ និងខែមីនា ឆ្នាំ២០២៣ (ឆ្នាំសារពើពន្ធ២០២២) ដែលស្មើនឹងជាង ៧០ភាគរយនៃការទូទាត់សាច់ប្រាក់ទិញអាវុធរបស់របបយោធា។
ប៉ុន្តែចំនួននេះបានធ្លាក់ចុះយ៉ាងខ្លាំង ពោលគឺមកនៅត្រឹមតែជាង ៤០លានដុល្លារអាមេរិក នៅចន្លោះខែមេសា ឆ្នាំ២០២៣ ដល់ខែមីនា ឆ្នាំ២០២៤ (ឆ្នាំសារពើពន្ធ២០២៣)។ របាយការណ៍បានបន្ថែមថា ភាគច្រើននៃ ៤០លានដុល្លារ ដែលបានដំណើរការក្នុងឆ្នាំសារពើពន្ធ២០២៣ ត្រូវបានធ្វើឡើងនៅក្នុងត្រីមាសទី១ នៃឆ្នាំសារពើពន្ធនោះ។
ហើយរបាយការណ៍បានឲ្យដឹងថា ធនាគារនៅប្រទេសថៃ បានសម្របសម្រួលលទ្ធកម្មយោធាដែលមានតម្លៃជាង ៦០លានដុល្លារ ក្នុងឆ្នាំសារពើពន្ធ២០២២ ដោយធ្វើប្រតិបត្តិការរហូតដល់មានចំនួនច្រើន ២ដងពោលគឺ ១២០លានដុល្លារ ក្នុងឆ្នាំសារពើពន្ធ២០២៣។
តែទោះជាយ៉ាងណាក្ដី របាយការណ៍បានកត់សម្គាល់ថា ស្ថាប័នហិរញ្ញវត្ថុទាំងនោះ ប្រហែលជាមិនជួយសម្រួលដល់ការទិញផ្នែកយោធានេះ ដោយចេតនានោះឡើយ៕