
ក្រុមអ្នកស្រុក និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា អាកាសធាតុកក នៅតំបន់ភាគត្បូងប្រទេសឈីលី បានកាត់ផ្តាច់ប្រព័ន្ធផ្គត់ផ្គង់ទឹកនៅទីក្រុងតំបន់ឆ្នេរ Punta Arenas ។
រលកត្រជាក់តំបន់ប៉ូល បានវាយប្រហារតំបន់ភាគខាងត្បូង Magallanes និងតំបន់អង់តាក់ទិក នៅក្នុងសប្តាហ៍នេះ បណ្តាលឲ្យកាត់ផ្តាច់ការផ្គត់ផ្គង់ទឹក ។
ក្រុមអាជ្ញាធរ បានឆ្លើយតបជាមួយនឹងការផ្តល់រថយន្តសឺទែនទឹកនៅតាមផ្លូវ ដើម្បីជួយដល់អ្នកស្រុក ។
កាលពីថ្ងៃទី ២១ ខែមិថុនា កន្លងទៅ មន្ទីរឧតុនិយមឈីលី រាយការណ៍ថា សីតុណ្ហភាពនៅទីក្រុង Punta Arenas បានចុះត្រជាក់រហូតដល់ ដក ១៤,៧អង្សាសេ(-14.7 °C) ដែលជាសីតុណ្ហភាពទាបបំផុតជាប់កំណត់ត្រា ចាប់តាំងពីឆ្នាំ ១៩៦៥ ។
យោងតាមការអះអាងរបស់លោក Nicolas Butorovic គឺជាអ្នកជំនាញអាកាសធាតុមកពីសាកលវិទ្យាល័យ Magallanes បានឲ្យដឹងថា អាកាសធាតុត្រជាក់តំបន់ប៉ូលនេះដែរ ត្រូវបានគេរំពឹងថា នឹងអូសបន្លាយរយៈពេលប្រហែល ៧ថ្ងៃទៀត ៕