ភ្នំពេញ ៖ ឯកឧត្តម លេង ផាលី ប្រធានប្រតិបតិ្តក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិតិ្តយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ជូនប្រជាពលរដ្ឋចំនួន៦រាជធានី-ខេត្ត បានចំនួនជិត៤០ម៉ឺនដូស។
ឯកឧត្តម លេង ផាលី បានបន្តថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តមប្រធាន ហ៊ុន ម៉ានី ស្ម័គ្រចិត្តចូលរួមកិច្ចការសង្គម បម្រើប្រជាជន និងជាតិមាតុភូមិ គ្រប់ទីកន្លែង មិនថាទីជិត ទីឆ្ងាយឯនាយជាយដែននោះទេ។ ទន្ទឹមនឹងនោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មាន២២ក្រុម ស្មើនឹង២២០នាក់ ដឹកនាំដោយប្រធានក្រុមសម្របសម្រួល១៨នាក់ និងជំនួយការចំនួន៥៣នាក់ សរុបទាំងអស់មានចំនួន២៩១នាក់ បានបិទបញ្ចប់បេសកកម្មចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ដូសទី១ និងដូសទី២ និងដូសជម្រុញ ឬដូសទី៣ ជូនបងប្អូនប្រជាពលរដ្ឋចំនួន៣ក្រុង ស្រុក នៃខេត្តឧត្តរមានជ័យ។ ដែលដំណើរបេសកកម្មថ្មីនេះ ត្រូវបានអនុវត្តបន្ទាប់ពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបញ្ចប់បេសកកម្មដោយជោគជ័យក្នុងការចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល។ និយាយដោយឡែកកាលពីដើមឆ្នាំ២០២១ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ក៏បានចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ទៅកាន់ខេត្តចំនួន៣ គឺខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ។ សរុបទាំង០៦រាជធានី/ខេត្ត រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ ខេត្តកោះកុង ខេត្តឧត្តរមានជ័យ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៣៥២,២១២ដូស (សាមសិបប្រាំម៉ឺន ពីរពាន់ ពីររយដប់ពីរដូស)។
ជាចុងក្រោយឯកឧត្តម លេង ផាលី បានបញ្ជាក់ថា បច្ចុប្បន្នក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន១២៥៨នាក់ ត្រៀមចាក់វ៉ាក់សាំង និងកំពុងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មានចំនួន៧៧១នាក់ ចាក់វ៉ាក់សាំងជូនមន្រី្តរាជការ ប្រជាពលរដ្ឋ ជនបរទេស ឲ្យបានគ្រប់គ្នា លឿន និងមានចំនួនច្រើន តបតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរ បស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារអាយុជីវិតរបស់ប្រជា
ជន ក្នុងនោះការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនមន្រី្តរាជការ ប្រជាពលរដ្ឋ និងជនបរទេស គឺមិនគិតថ្លៃនោះទេ។ និយាយដោយឡែកគិតចាប់តាំងពីថ្ងៃបង្កើតក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១២ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ ឈានចូលឆ្នាំទី៩ មានសមាជិកក្រុមការងារគ្រូពេទ្យសរុបចំនួន៥៣៧៣នាក់ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ បានចំនួន៣០៦លើក ក្នុង២១រាជធានី-ខេត្ត ដែលមានប្រជាពលរដ្ឋចំនួន៨៩៤,៤៨២នាក់ (ប៉ែតសិបប្រាំបួនម៉ឺន បួនពាន់ បួនរយ ប៉ែតសិបពីរនាក់) បានទទួលការយកចិត្តទុកដាក់ថែទាំ ពិនិត្យ ព្យាបាលជំងឺ និងទទួលអំណោយថ្នាំពេទ្យអាហារសំរន់ដោយឥតគិតថ្លៃ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិតិ្តយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី៕ អត្ថបទ ៖ រដ្ឋា








