
រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួម លោក Kim Yung-ho បាននិយាយនៅថ្ងៃសុក្រនេះថា រដ្ឋាភិបាល នឹងខិតខំប្រឹងប្រែងដោយ «អត់ធ្មត់» ក្នុងការបង្កើតលក្ខខណ្ឌនានា ដើម្បីនាំកូរ៉េខាងជើងត្រឡប់ទៅរកតុចរចា ស្របពេលដែលជំរុញកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយសហរដ្ឋអាមេរិក និងជប៉ុនប្រឆាំងនឹង ការគំរាមកំហែងផ្នែកយោធារបស់ទីក្រុងព្យុងយ៉ាង។
លោក Kim បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលវេទិកាសន្តិភាពប្រចាំឆ្នាំដែលរៀបចំដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ (Yonhap) និងសហការរៀបចំដោយក្រសួងបង្រួបបង្រួម ដើម្បីពិភាក្សាអំពីវិធីជំរុញកិច្ចសហប្រតិបត្តិការត្រីភាគីរវាងកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន ចំពេលមានបញ្ហាប្រឈមផ្នែកសន្តិសុខ កាន់តែខ្លាំងឡើង។
លោករដ្ឋមន្ត្រី បាននិយាយថា៖« បន្ទាប់ពីកំណត់ទំនាក់ទំនងអន្តរកូរ៉េថា រដ្ឋទាំងពីរ មានអរិភាពចំពោះគ្នាទៅវិញទៅមក កូរ៉េខាងជើងបានបន្តប្រកាន់ជំហរប្រឆាំងការបង្រួបបង្រួម និងប្រឆាំងលទ្ធិប្រជាធិបតេយ្យ ខណៈពេលដែលកំពុងធ្វើសកម្មភាពញុះញង់មិនសមហេតុផលនៃការបញ្ជូនបាឡុងផ្ទុកកាកសំណល់ ទៅកាន់ភាគខាងត្បូង»។
លោក Kim Yung-ho បានបញ្ជាក់ថា កិច្ចពិភាក្សាកិច្ចប្រជុំកំពូលកាលពីសប្តាហ៍មុន រវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជាពិសេស បានគំរាមកំហែងដល់ សន្តិភាព និងសន្តិសុខ នៅលើឧបទ្វីបកូរ៉េ និងលើសពីទីនេះទៅទៀត។