ភ្នំពេញ : ថ្នាក់ដឹកនាំ សមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា និងមហាជនក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ជួបជុំគ្នានៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាស្រុក ប្រារព្វពិធីអបអរសាទរខួប ៧៣ ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤។
ឯកឧត្តម ស៊ុំ សន្និសិទ្ធិ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានទី១ ក្រុមការងារចុះមូល ដ្ឋានស្រុកសន្ទុក ខេត្តកំពង់ធំ នៃពិធីអបអរសាទខួបអនុស្សាវរីយ៍លើកទី៧៣ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២៤ នេះ ឯកឧត្តម ស៊ុំ សន្និសិទ្ធិ បានអានសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ទៅកាមអង្គមិទ្ទិញអបអរសាទរខួប ៧៣ ឆ្នាំ ជូនអង្គពិធី ដោយបានបញ្ជាក់យ៉ាងច្បាស់ថា រយៈពេល ៧៣ ឆ្នាំមកនេះ គណបក្ស ប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានស្ថិតនៅរួមរស់ ផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន ទោះបីសភាពការណ៍ ជាតិមានការវិវត្តដ៏ស្មុគស្មាញយ៉ាងណាក្តី គណបក្សបានរក្សាខ្ជាប់ឥតប្រែប្រួលនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺប្រមូល កម្លាំងប្រជាជាតិទាំងមូល ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ ឋានៈ ជីវភាព ជនជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះប្រទេសជាតិ ការពារមាតុភូមិ ការពារសមិទ្ធផលនៃសង្គម ជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។
ទន្ទឹមនឹងនេះដែរ ការជួបជុំគ្នានាថ្ងៃនេះ ក៏ជាស្មារតីគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបុព្វការីជន ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្ស យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ៗជំនាន់ ដែលបានតស៊ូពុះពារធ្វើពលិកម្មយ៉ាងធំធេង ដើម្បី ប្រទេសជាតិនៅគ្រប់ដំណាក់កាល ដែលធ្វើឱ្យកម្ពុជាស្ថិតស្ថេរគង់វង្ស និងមានអ្វីៗនៅថ្ងៃនេះ យើងទាំងអស់គ្នាចងចាំជានិច្ច នូវវីរភាព ដ៏ថ្លៃថ្លានេះ ហើយប្តេជ្ញាយកអស់កម្លាំងកាយ កម្លាំងចិត្ត បន្តថែរក្សារាល់សមិទ្ធផលរបស់ជាតិឱ្យគង់វង្សស្ថិតស្ថេរជារៀងរហូត។
សុន្ទរកថារបស់សម្ដេចតេជោ បានសង្កត់ធ្ងន់ថា ខួបអនុស្សាវរីយ៍នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជាឆ្នាំនេះ បានប្រព្រឹត្ត ឡើងក្នុងបរិការណ៍ ដែលកម្ពុជាសម្រេចបានសមិទ្ធផលធំៗថ្មីៗទៀតលើគ្រប់វិស័យ និងបន្ទាប់ពីការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី ៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៤ បានប្រព្រឹត្ត ទៅដោយជោគជ័យ នៅដើមឆ្នាំ ២០២៤នេះ។
សុន្ទរកថាក៏បានថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលបានគាំទ្រពេញទំហឹងដល់គម្រោងអភិវឌ្ឍន៍ ព្រែកជីកហ្វូណនតេជោ ដែលនឹងត្រូវបើកការដ្ឋានស្ថាបនានៅក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ។ សម្ដេចបានចាត់ទុកការគាំទ្រនេះ ជាចលនាជាតិដ៏ខ្លាំងក្លាមួយទៀតរបស់ប្រជាជនទាំងមូល ដូចទៅនឹងចលនាជាតិការពារអធិបតេយ្យ បូរណភាពទឹកដី និងចលនា ជាតិការពារខឿនសុខភាពប្រជាជននាពេលកន្លងមក គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមកើតចេញពីមនសិកា និង ឆន្ទៈរបស់កម្ពុជាសុទ្ធសាធ ដែលនឹងផ្តល់ផលចំណេញយ៉ាងធំដល់កម្ពុជាដូចជាការចំណេញចម្ងាយផ្លូវដឹកជញ្ជូន, ចំណេញប្រកួត ប្រជែងតម្លៃ, បង្កើនប្រព័ន្ធស្រោចស្រព និងការរំដោះទឹកជំនន់, ជួយពង្រីកការដាំដុះនៅភាគនិរតី, ទទួលបានផលនេសាទ និងពី វារីវប្បកម្ម ព្រមទាំងជំរុញដល់វិស័យទេសចរណ៍។
នៅក្នុងឱកាសនោះដែរ, ឯកឧត្តម ស៊ុំ សន្និសិទ្ធិ បានផ្ដល់ជូនអំណោយ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវ បណ្ឌិត ជា សិរី ដល់អតីតយុទ្ធ និងនិវត្តន៏ ដែលរស់នៅក្នុងស្រុកសន្ទុកចំនួន ៣០រូប បានចូលរួមនាឱកាសនោះផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី




