
អភិបាលតំបន់ Arequipa និយាយនៅថ្ងៃស្រុកនេះថា ផ្លូវត្រូវបានបិទដោយសារដុំថ្មធ្លាក់ និងមនុស្សម្នាក់ បានរងរបួស ពេលដែលថ្មធ្លាក់លើរថយន្តក្រុង ក្រោយការរញ្ជួយដីកម្រិត ៧រ៉ិចទ័រ បានអង្រួនប្រទេសប៉េរូ ។
ក្រុមមន្រ្តីក្នុងស្រុក និយាយថា ការរញ្ជួយដីដ៏ខ្លាំងក្លាមួយ បានអង្រួនតំបន់ឆ្នេរភាគខាងត្បូងប្រទេសប៉េរូនៅថ្ងៃសុក្រនេះ ហើយគ្មានករណីស្លាប់មនុស្ស ត្រូវបានរាយការណ៍នោះទេ ។ ចំណែកឯមនុស្ស ៨នាក់ បានរងរបួស ។
បន្ទាប់ពីការរញ្ជួយដីនេះ តំបន់ Arequipa ត្រូវបានអង្រួនដោយរលករញ្ជួយចំនួន ៤ ដោយមានកម្រិតពី ៤ ទៅ ៤,៦រ៉ិចទ័រ បណ្តាលឲ្យមានជាបំណាក់ដីមួយចំនួន នៅលើផ្លូវក្នុងតំបន់នេះ។
រដ្ឋាភិបាលប៉េរូ បានឲ្យដឹងនៅលើបណ្ដាញសង្គមថា ពួកគេកំពុងត្រួតពិនិត្យ ដើម្បីវាយតម្លៃការខូចខាត និងចាត់វិធានការ ។
ដោយឡែក មជ្ឈមណ្ឌលព្រមានរលកស៊ូណាមិសហរដ្ឋអាមេរិក បានឲ្យដឹងថា មាននូវការគំរាមកំហែងផងដែរពីរលកស៊ូណាមិពីការរញ្ជួយដីនេះ ៕