
នាយករដ្ឋមន្រ្តីប៉ូឡូញ នៅថ្ងៃសុក្រ (ទី២៨ ខែមិថុនា) បាននិយាយថា ប្រទេសរបស់លោក នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី ជាមួយអ៊ុយក្រែន មុនពេលមានកិច្ចប្រជុំកំពូលរបស់អង្គការណាតូ (NATO) ក្នុងខែកក្កដា នៅទីក្រុងវ៉ាស៊ីនតោន។
កាលពីថ្ងៃព្រហស្បតិ៍ (ទី២៧ ខែមិថុនា) នាយករដ្ឋមន្ត្រី លោក Donald Tusk បាននិយាយថា មុនពេលកិច្ចប្រជុំកំពូលរបស់ណាតូ នៅទីក្រុងវ៉ាស៊ីនតោន ដែលចាប់ផ្តើមនៅថ្ងៃទី៩ ខែកក្កដា កិច្ចពិភាក្សានានា នឹងត្រូវធ្វើឡើង នៅទីក្រុងវ៉ាសូវី ជាមួយប្រធានាធិបតីអ៊ុយក្រែន។
លោក Tusk បានប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំត្រូវតែរួមជាមួយនឹងរដ្ឋមន្ត្រីការពារជាតិកំណត់ពីរបៀបដែលយើងអាចបន្តជួយអ៊ុយក្រែន ប៉ុន្តែយើងមិនអាចធ្វើឲ្យសមត្ថភាពការពារជាតិរបស់ប៉ូឡូញចុះខ្សោយនោះទេ។ ឱកាស គឺ ៩៩ភាគរយ ដែលយើងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ជាមួយប្រធានាធិបតី លោក Volodymyr Zelenskyy (មុនកិច្ចប្រជុំកំពូល)»។
លោក Tusk បាននិយាយថា កិច្ចព្រមព្រៀងនេះ ស្ទើរតែត្រូវបាន «បញ្ចប់» ហើយ ហើយនៅតែសេចក្ដីលម្អិត និងការប្រើពាក្យពេចន៍មួយចំនួនប៉ុណ្ណោះដែលត្រូវការឲ្យមានភាពច្បាស់លាស់។
គួរបញ្ជាក់ថា សហភាពអឺរ៉ុប និងប្រទេសសមាជិកចំនួន២ គឺលីទុយអានី និងអេស្តូនី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក កាលពីថ្ងៃព្រហស្បតិ៍៕