
ភ្នំភ្លើងមួយនៅភាគខាងកើតប្រទេសឥណ្ឌូនេស៊ី បានផ្ទុះចំនួន ២ដង នៅថ្ងៃសុក្រ (ទី២៨ ខែមិថុនា) ដោយបានព្រួសសំណុំផេះដ៏ក្រហមច្រាលកម្ពស់ដល់ទៅ ៧គីឡូម៉ែត្រទៅលើផ្ទៃមេឃ។
មជ្ឈមណ្ឌលតាមដានបន្ទុះភ្នំភ្លើង និងគ្រោះមហន្តរាយភូគព្ភសាស្ត្ររបស់ប្រទេស បានចែករំលែករូបភាពពីផេះដ៏ក្រាស់រាងដូចបង្កោលសសរ នៅក្នុងចំណោមពពកពណ៌ស ជុំវិញភ្នំ Ibu ដែលមានទីតាំងនៅលើកោះ Halmahera ក្នុងខេត្ត North Maluku។
ភ្លាមៗ មិនទាន់មានការខូចខាត ឬការស្លាប់ និងរបួស ត្រូវបានរាយការណ៍នោះឡើយ ពីការផ្ទុះចំនួន២ ដែលបានកើតឡើងក្នុងរង្វង់រយៈពេលមួយម៉ោង។ ការផ្ទុះលើកទី១ បានកើតឡើងនៅម៉ោង ១០:៤៥នាទីព្រឹក ម៉ោងក្នុងស្រុក។
មជ្ឈមណ្ឌលតាមដានភ្នំភ្លើង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការផ្ទុះនៅតែបន្តមាននៅរបាយការណ៍នេះ កំពុងចេញ»។ សេចក្តីថ្លែងការណ៍បានបន្ថែមថា អ្នកស្រុកត្រូវបានជំរុញកុំឲ្យធ្វើដំណើរទៅក្នុងរង្វង់ចម្ងាយ ៥គីឡូម៉ែត្រពីមាត់ភ្នំភ្លើង Ibu។
បច្ចុប្បន្នភ្នំ Ibu ស្ថិតក្នុងកម្រិតប្រកាសអាសន្នខ្ពស់បំផុតទី២ បន្ទាប់ពីអាជ្ញាធរបានបន្ថយកម្រិតប្រកាសអាសន្ន កាលពីសប្តាហ៍មុន។ Ibu គឺជាភ្នំភ្លើងសកម្មបំផុតមួយរបស់ឥណ្ឌូនេស៊ី ដោយបានផ្ទុះច្រើនជាង ២១.០០០ដង ក្នុងឆ្នាំ២០២៣។
យោងតាមតួលេខផ្លូវការបានឲ្យដឹងថា មានមនុស្សជាង ៧០០.០០០នាក់ រស់នៅលើកោះ Halmahera គិតត្រឹមឆ្នាំ២០២២៕