
ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev បានកំណត់ពេលបោះឆ្នោតសភា នៅថ្ងៃទី១ ខែកញ្ញា តាមរយៈក្រឹត្យមួយដែលបានចេញផ្សាយ នៅថ្ងៃសុក្រ (ទី២៨ ខែមិថុនា) នេះ ដោយនេះជាចំណាត់ការត្រូវបានរំពឹងទុកយ៉ាងទូលំទូលាយ ដែលថា ទំនងជាមិនមានការផ្លាស់ប្តូរខ្លាំងក្លានោះឡើយនូវសមាសភាពសភា។
លោក Aliyev ដែលកាន់អំណាចតាំងពីឆ្នាំ២០០៣ បានឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីមុនអាណត្តិ ក្នុងខែកុម្ភៈ ហើយគណបក្ស New Azerbaijan របស់លោក ដែលមាន ៦៩អាសនៈ ក្នុងចំណោម ១២៥អាសនៈនៅក្នុងសភាជិតផុតអាណត្តិ ត្រូវបានគេរំពឹងថា នឹងឈ្នះសំឡេងភាគច្រើនម្ដងទៀត នៅក្នុងការបោះឆ្នោតរបស់ប្រទេសសម្បូរប្រេងមួយនេះ ដែលត្រូវបញ្ចុះបញ្ចូលដោយលោកខាងលិច រុស្ស៊ី និងទួរគី។
តំណាងរាស្រ្តគណបក្សប្រឆាំង នៅក្នុងសភា មានភាពស្មោះត្រង់នឹងលោក Aliyev ប៉ុន្តែអ្នកប្រឆាំងមួយចំនួននៅខាងក្រៅសភា និយាយថា ពួកគេបានប្រឈមនឹងការធ្វើទុក្ខបុកម្នេញ បន្ទាប់ពីអ្នកសារព័ត៌មានឯករាជ្យ និងសកម្មជននយោបាយជាច្រើននាក់ ត្រូវបានចាប់ខ្លួននៅមុនការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំនេះ ដែលលោក Aliyev បានទទួលជ័យជម្នះដោយសម្លេងឆ្នោតជាង ៩២ភាគរយ។
អ្នកដែលត្រូវបានឃុំខ្លួនមួយចំនួនប្រឈមនឹងការចោទប្រកាន់ ចំពោះអ្វីដែលពួកគេនិយាយថា ជាបទល្មើសព្រហ្មទណ្ឌដែលមានហេតុផលនយោបាយ ក្នុងនោះរួមទាំងការរត់ពន្ធផងដែរ។ តែអាជ្ញាធរបាននិយាយថា ការចាប់ខ្លួននេះ មិនមែនជារឿងនយោបាយនោះទេ៕