ហៃទី៖ យោងតាមមន្ត្រី និងអ្នកសារព័ត៌មាន Associated Press ដែលបានឃើញហេតុការណ៍បាននិយាយថា ក្រុមប្រជាជនហៃទីដែលអត់ឃ្លាន និងគ្មានលំនៅដ្ឋានបានប្រមូលផ្តុំគ្នាជុំវិញរថយន្តជំនួយកាលពីថ្ងៃសុក្រ ហើយអ្នកខ្លះបានសម្រុកចូលលួចទំនិញដែលត្រូវការខ្លាំងពីរថយន្តនេះ។

មនុស្សជាច្រើនបានដេកនៅទីវាលចាប់តាំងពីរញ្ជួយដីកម្រិត ៧.២រ៉ិចទ័រវាយប្រហារប្រទេសហៃទីកាលពីថ្ងៃទី១៤ ខែសីហាបណ្ដាលឲ្យមនុស្សជិត ២.២០០នាក់ស្លាប់, រងរបួសជាង ១២.០០០នាក់ និងបំផ្លាញលំនៅដ្ឋានជាង ១០.០០០ខ្នង។ នៅទីក្រុងកំពង់ផែ Les Cayes មនុស្សត្រូវបានគេមើលឃើញថា កំពុងសម្រុកលួចស្បៀងអាហារដែលត្រូវបានគេគ្រោងនឹងចែកចាយ ពីរថយន្តដឹកជំនួយដែលចតនៅខាងក្រៅស្ថានីយនគរបាល។ ព្រឹត្តិការណ៍ដូចគ្នានេះបានកើតឡើងនៅទីក្រុង Vye Terre ក្បែរទីក្រុងកំពង់ផែ Les Cayes ជាកន្លែងដែលមនុស្សមួយក្រុមត្រូវបានគេឃើញ កំពុងទាញការុងធំៗចេញពីរថយន្តដឹកទំនិញដែលបើកទ្វារពាក់កណ្ដាល។ ការខកចិត្តចំពោះល្បឿននៃការចែកចាយជំនួយបានកើនឡើងជាច្រើនថ្ងៃ ហើយត្រូវបានបង្ហាញការកើនឡើងចំនួនមនុស្សដែលប្រមូលផ្តុំគ្នា នៅកន្លែងចែកចាយជំនួយ។
ភាពអស់សង្ឃឹមរបស់ពួកគេបានកើនឡើងកាលពីថ្ងៃសុក្រ ជាលើកដំបូងដែលប្រជាជនត្រូវបានគេមើលឃើញចូលយកទំនិញ មុនពេលត្រូវបានកំណត់ឱ្យចែកចាយ។ ផ្លូវចែកចាយស្បៀងអាហារសម្រាប់តំបន់ ដែលរងការខូចខាតធ្ងន់ធ្ងរមួយចំនួនត្រូវបានធ្វើឡើងតាមទូក ឬយន្តហោះ។ ការរញ្ជួយដីនេះបានបំផ្លាញប្រភពស្បៀងអាហារ និងប្រាក់ចំណូលដែលជនក្រីក្រពឹងផ្អែកសម្រាប់ការរស់រាននៅក្នុងប្រទេសហៃទី ដែលកំពុងប្រឹងប្រែងទប់ស្កាត់វីរុសឆ្លងកូរ៉ូណា អំពើហិង្សាក្រុមទំនើង និងការធ្វើឃាតលើប្រធានាធិបតីលោក Jovenel Moïse ថ្ងៃទី៧ ខែកក្កដា។ ការបំផ្លាញភាគច្រើនបានកើតឡើង នៅក្នុងតំបន់ភាគនិរតីប្រទេសហៃទីដែលក្រីក្ររួចទៅហើយ៕
អត្ថបទ៖ ប៊ុន ថន