
សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសបារាំង បានប្រឈមមុខជាមួយរុស្ស៊ី នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ ទី២៨ ខែមិថុនា ជុំវិញការចោទប្រកាន់ថា ខ្លួនកំពុងបំពានលើការហាមប្រាមសព្វាវុធប្រទេសកូរ៉េខាងជើង ដោយប្រើប្រាស់មីស៊ីល និងគ្រាប់រំសេវ មកពីទីក្រុងព្យុងយ៉ាង ក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vassily Nebenzia បានច្រានចោលការចោទប្រកាន់នេះថា «មិនពិតទាំងស្រុង»។ កិច្ចប្រជុំក្រុមប្រឹក្សា បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើកតិកាសញ្ញាមួយកាលពីសប្តាហ៍មុន ជាមួយមេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលមេដឹកនាំទាំងពីរ បានព្រមព្រៀងផ្តល់ជំនួយយោធា ប្រសិនបើប្រទេសទាំងពីរ ប្រឈមមុខទៅនឹងការឈ្លានពានប្រដាប់អាវុធ។

ឯកអគ្គរដ្ឋទូតប្រទេសកូរ៉េខាងជើង លោក Song Kim ក៏បានស្វែងរកការធានាឡើងវិញផងដែរ ដោយនិយាយថា លុះត្រាតែ នរណាម្នាក់ មានផែនការឈ្លានពានកូរ៉េខាងជើង ឬរុស្ស៊ី ហើយវាគ្មានហេតុផលអ្វីដែលត្រូវព្រួយបារម្ភអំពីការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីរបស់ពួកយើងឡើយ។
លោកបាននិយាយទៅកាន់ក្រុមប្រឹក្សាថា ទំនាក់ទំនងកូរ៉េខាងជើង និងរុស្ស៊ី គឺស្រលាញ់សន្តិភាព និងការពារតាមបែបធម្មជាតិទាំងស្រុង ខណៈពួកគេ មិនកំណត់គោលដៅលើភាគីទីបី ប៉ុន្តែបានជំរុញវឌ្ឍនភាព និងសុខុមាលភាពរបស់ប្រជាជន របស់ប្រទេសទាំងពីរ។
កាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិក ក៏បានអំពាវនាវដល់ប្រទេសចិន ដោយនិយាយថា ប្រទេសចិន គួរតែប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនជាមួយកូរ៉េខាងជើង និងរុស្ស៊ី ដើម្បីការពារសន្តិសុខក្នុងតំបន់ និងពិភពលោក។ ប្រទេសចិន បានច្រានចោលយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់សហរដ្ឋអាមេរិកដែលថាខ្លួនកំពុងគាំទ្រកូរ៉េខាងជើង និងមិនថ្កោលទោសសកម្មភាពរបស់រុស្ស៊ី។
ប្រទេសចិន និងរុស្ស៊ី និយាយថា សមយុទ្ធយោធារួមគ្នា ដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ធ្វើឱ្យមានកំហឹងដល់ទីក្រុងព្យុងយ៉ាង ខណៈទីក្រុងវ៉ាស៊ីនតោន ចោទប្រកាន់ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ ពីការគាំទ្រប្រទេសកូរ៉េខាងជើង ដោយការពារប្រទេសនេះ ពីការបន្ថែមទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ ប្រទេសរុស្ស៊ី ចិន អាមេរិក អង់គ្លេស និងបារាំង គឺជាសមាជិកក្រុមប្រឹក្សាអចិន្ត្រៃយ៍ដែលមានសិទ្ធិវ៉េតូ ។